ឧបករណ៍​ខ្នាតតូច បំពាក់​លើ​ជញ្ជាំង អាច​រកឃើញ COVID-19 ដល់ 8 ប្រភេទ ក្នុងពេល​តែមួយ

ឧបករណ៍​នេះ មាន​ផ្ទុក​អង្គ​ញាណ​ជីវសាស្ត្រ (Biological Sensors) អាច​រកឃើញ COVID-19 តាមរយៈ​ខ្យល់​ដង្ហើម​របស់​អ្នក​វិជ្ជមាន​នឹង​វី​រូស នៅក្នុង​កន្លែងធ្វើការ និង​អាច​រកឃើញ​វ៉ា​រ្យ៉​ង់ (វី​រូស​បំប្លែង​ខ្លួន​ថ្មី) របស់ COVID-19 ចំនួន 8 ប្រភេទ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រ៉ូយ៉ាល់​មែ​ល​ប៊​ន (RMIT) និង​វិទ្យាស្ថាន​បឺ​រ​ណែ​ត របស់ អូស្ដ្រាលី គឺជា​អ្នក​បាន​អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​នេះ។

ឧបករណ៍​ទំនើប ដែល​រួមមាន អង្គ​ញាណ​ជីវសាស្ត្រ​នេះ មាន​រូបរាង​តូច ប្រើប្រាស់​បច្ចេកទេស​មីក្រូ​អេឡិចត្រូនិក​ប្រកបដោយ​ភាពបត់បែន និង​បច្ចេកវិទ្យា nano សិប្បនិម្មិត ដែលមាន​សមត្ថភាព​វិភាគ​ដឹង​ច្បាស់​អំពី​ប្រភេទ​វីរុស តាមរយៈ​ដង្ហើម​របស់​មនុស្ស​នៅតាម​ទីតាំង​ជាក់លាក់។ អ្នកប្រើប្រាស់ នឹង​ទទួលបាន​ឈី​ប​មួយ​បន្ថែមទៀត សម្រាប់​ផ្ទុក​ទិន្នន័យ​ឯកជន។

TS Alasdair Wood សមាជិក​ម្នាក់​របស់​ក្រុម​ស្រាវជ្រាវ ឱ្យដឹងថា អង្គ​ញាណ​ស្វែងរក​វីរុស​ក្នុង​បរិស្ថាន ដែល​ពិភពលោក​កំពុង​អភិវឌ្ឍ នាបច្ចុប្បន្ន មាន​ទំហំ​ធំ ស៊ី​ថាមពល​ច្រើន និង​អាច​រក​ឃើញតែ​វីរុស​មួយ​ប្រភេទ។ អង្គ​ញាណ​របស់​ក្រុម​ខាងលើ មាន​រូបរាង​តូច អាច​ពាក់​នៅលើ​ដៃ ឬ​ដាក់​ភ្ជា​ក់​នឹង​ជញ្ជាំង​នៃ​បន្ទប់ធ្វើការ ឬ​មន្ទីរពេទ្យ និង​អាច​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​រហូតដល់ 8 ប្រភេទ​ឯណោះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ បន្ថែមថា ឧបករណ៍​របស់​ពួកគេ មាន​សមត្ថភាព​រកឃើញ​វីរុស COVID-19 សូម្បីតែ​នៅលើ​អ្នក​វិជ្ជមាន​ដែល​មិនទាន់មាន​រោគសញ្ញា​ទៀតផង។

តាម​គម្រោង ឧបករណ៍​នេះ​នឹងត្រូវ​បាន​ផលិត​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់ និង​ដាក់លក់​ក្នុង​ទីផ្សារ ចាប់ពី​ដើមឆ្នាំ 2022៕

ប្រភព៖ 9news
ប្រែ​សម្រួល៖ បុត្រា

Advertisement