(វីដេអូ)-រថភ្លើងហោះ ល្បឿន 600 ម៉ែត្រ ក្នុង 1 ម៉ោង ៖ លឿនជាងយន្តហោះទៅទៀត

ជាមួយនឹង​ល្បឿន​អតិបរមា 600 គីឡូម៉ែត្រ ក្នុង 1 ម៉ោង រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​ម៉ាញេទិក ដែល​ត្រូវបាន ចិន ឧទ្ទេសនាម​កាលពី​ថ្ងៃទី 21 កក្កដា គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

ប្រទេស ចិន កាលពី​ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 បានបង្ហាញ​រថភ្លើង​អណ្ដែតថ្មី​សន្លាង​មួយ​គ្រឿង​ ដែល​ប្រើ​កម្លាំង​មេដែក (maglev (magnetic levitation train) និង​អាច​រត់​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ ល្បឿន​នេះ​អាចជួយ​ឱ្យ​គំរូ​រថភ្លើង​ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ប្រទេស ចិន នៅ​ទីក្រុង​ឆ្នេរសមុទ្រ Qingdao នៃ​ខេត្ត Shandong ក្លាយជា​យាន​ដែលមាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក បើ​ធៀប​នឹង​ប្រភេទ​យាន​ទាំងឡាយ​ដែល​ធ្វើដំនើរ​លើដី​គោក។

ដោយ​កម្លាំង​ដ៏​មហិមា​របស់​ថាមពល​នៃ អេ​ឡិច​ត្រូ​ម៉ាញេទិក (electromagnetic force) រថភ្លើង​នេះ អណ្ដែត​ក្នុង​បរិយាកាស ដោយ​មិន​ប៉ះពាល់​ដល់​ផ្លូវដែក​ដែល​នៅ​ខាងក្រោម។ ប្រការនេះ​មានន័យថា រថភ្លើង​អណ្ដែត​ដោយសារ​កម្លាំង​របស់​ដែន​ម៉ាញេទិក បង្កើតឡើង​ដោយ​អគ្គិសនី «ខ្នាត​យក្ស»។

បច្ចេកវិទ្យា​នេះ ត្រូវបាន​ប្រទេស ចិន ប្រើប្រាស់​ជិត​ពីរ​ទសវត្សរ៍​មកហើយ ប៉ុន្តែ ប្រើ​ក្នុង​ទ្រង់ទ្រាយ​មានកំណត់។ នៅ​ទីក្រុង សៀង​ហៃ មាន​ផ្លូវ​រថភ្លើង​ប្រភេទ maglev មួយ​ខ្សែ ដែល​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​មួយ ចូលមក​កាន់​ទីក្រុង។

បច្ចុប្បន្ន បើទោះជា​មិនទាន់មាន​ផ្លូវដែក​សម្រាប់​រថភ្លើង​ហោះ​ឆ្លងខេត្ត​នៅ​ប្រទេស ចិន ដែល​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូច្នេះ​ក៏ពិតមែន ប៉ុន្តែ បណ្ដា​ទីក្រុង​ដូចជា សៀង​ហៃ និង ចេង​ឌូ (Chengdu) បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅហើយ។

ដោយមាន​ល្បឿន 600 គីឡូម៉ែត្រ​ក្នុង 1 ម៉ោង គេ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ 2.5 ម៉ោង​ប៉ុណ្ណោះ ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ជាង 1,000 គីឡូម៉ែត្រ ពី​ទីក្រុង​ប៉េកាំង ទៅកាន់​ទីក្រុង​សៀង​ហៃ។ ចម្ងាយ​ផ្លូវ​ឆ្ងាយ​បែបនេះ បច្ចុប្បន្ន បើ​ជិត​រថភ្លើង​ល្បឿន​លឿន គេ​ត្រូវ​ចំណាយពេល​អស់ 5.5 ម៉ោង ហើយ​បើ​ជិត​យន្តហោះ​វិញ ក៏​ស៊ីពេល​អស់ 3 ម៉ោង​ឯណោះ៕

ប្រភព​៖ Next Media
ប្រែសម្រួល​៖ បុត្រា

Advertisement