iPhone 14 Pro ប្រើប្រាស់​វត្ថុ​ធាតុ «ប្រណិត និង​ថ្នៃ​ថ្នូរ» ជាង​ឆ្ងាយ ធៀប​នឹង​បច្ចុប្បន្ន

iPhone 14 កំណែ​លំដាប់​ខ្ពស់​ឆ្នាំ 2022 តាម​គម្រោង​នឹងត្រូវ​ងាក​ទៅប្រើ​ប្រាស់​លោហធាតុ ទី​តានី​ញ៉ូ​ម។ នេះ​គឺជា​របាយការណ៍​របស់​ធនាគារ JPMorgan Chase។

យោងតាម​របាយការណ៍ លោហធាតុ ទី​តានី​ញ៉ូ​ម នេះ គឺជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ ចំពោះ ទូរស័ព្ទ Apple iPhone 2022។ ក្រុម​ហ៊ុន​ Foxconn នឹង​ផលិត​ផ្ដាច់មុខ ស៊ុម​ដែល​ធ្វើ​អំពី​ទី​តានី​ញ៉ូ​ម សម្រាប់ iPhone 14 Pro។ បើសិនជា​ព័ត៌មាន​នេះ ពិតជា​ត្រឹមត្រូវ​មែន នោះ​នឹង​ជា​លើកដំបូង​ដែល Apple ប្រើប្រាស់ ទី​តានី​ញ៉ូ​ម សម្រាប់​ផលិត​ផល​​ជា​​ទូរស័ព្ទ​របស់ខ្លួន។

ធៀប​នឹង​ដែក​មិន​ច្រែះ (អ៊ី​ណុ​ក) លោហធាតុ ទី​តានី​ញ៉ូ​ម រឹង​ជាង​ឆ្ងាយ និង​អាច​ទប់​ទល់នឹង​បញ្ហា​ឆ្កូត​បាន​យ៉ាង​ល្អ។ វា​ក៏មាន​លទ្ធភាព​ប្រឆាំងនឹង​ការ​សឹករិចរឹល ជាង​លោហធាតុ​ដទៃ។ ប៉ុន្តែ ទី​តានី​ញ៉ូ​ម ក៏មាន​ចំណុចខ្សោយ​មួយចំនួន មានដូចជា ស្នាម​ក្រយៅដៃ​ច្បាស់​ជាង ចំណែក​ភាពរឹងមាំ​របស់​វា ក៏បង្ក​ការលំបាក​ដល់​សកម្មភាព​ឆ្លាក់​ផងដែរ។

Apple កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។ ប័ណ្ណ​ប៉ាតង់ថ្មីៗនេះ បង្ហាញថា Apple អាច​នឹង​ប្រើប្រាស់​ស្រទាប់​ស្ដើង​នៃ ធាតុ oxide ដើម្បី​ស្រោប​ពីលើ​លោហធាតុ​ទី​តានី​ញ៉ូ​ម បំណង​កាត់បន្ថយ​ស្នាម​ក្រយៅដៃ​នៅលើ​ស្មា​ត​ហ្វូ​ន។ ក្រុមហ៊ុន​ក៏​បង្កើត​គំនូរព្រាង​ថ្មី ដើម្បី​នាំមក​នូវ​ភាព​រលោង​ដល់ទី​តានី​ញ៉ូ​ម។

របាយការណ៍​របស់ JPMorgan Chase ធ្វើឱ្យ​ព័ត៌មាន​ចចាមអារ៉ាម ដែលថា «iPhone 2022 នឹងមាន​ការប្ដូរ​ផ្លាស់​ច្រើន​ធៀប​នឹង iPhone 13» កាន់​តែមាន​ភាពច្បាស់លាស់ ស្រប​ពេលដែល Apple ចាត់ទុក​ឆ្នាំ 2022 ជា​ឆ្នាំ «មហា​វដ្ដ» របស់ iPhone។ នៅក្នុង​វដ្ដ​បែបនេះ អ្នកប្រើប្រាស់​នឹង​ទិញ​ច្រើនជាង​ធម្មតា។ iPhone 2022 នឹងមិន​មាន​កំណែ mini នោះឡើយ។ មុននេះ អ្នកវិភាគ Ming Chi Kuo បាន​ព្យាករ​ថា Apple នឹងដាក់​លក់ iPhone 2022 កំណែ 6.1 អ៊ិ​ញ ចំនួន 2 ម៉ូ​ដែល និង​កំណែ 6.7 អ៊ិ​ញ ចំនួន 2 ម៉ូ​ដែល។

របាយការណ៍​ខាងលើ ក៏បាន​រំលឹក​ឡើងវិញ​អំពី​ដំណឹង​ចចាមអារ៉ាម ដែលថា Touch ID នឹង​ត្រលប់​មកកាន់ iPhone 2022 ក្រោមរូបភាព​ផ្សេង ដោយ​វា​ត្រូវបាន​បំពាក់​នៅលើ​គ្រាប់​ចុច​ចំហៀង ឬ​លាក់​ក្រោម​អេក្រង់។ ព័ត៌មាន​ចចាមអារ៉ាម មួយចំនួនទៀត បាន​និយាយថា iPhone ឆ្នាំក្រោយ នឹង​លែងមាន​កន្លែង​ឆក​ទៀតហើយ ពោលគឺ វា​នឹង​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន Android មួយចំនួន​នាបច្ចុប្បន្ន៕

ប្រភព​៖ Mashable
ប្រែសម្រួល​៖ បុត្រា

Advertisement