យានអវកាស​របស់ Boeing ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហោះ​ទៅ​ទី​អវកាស​នៅ​ថ្ងៃស្អែក

យានអវកាស Starliner របស់​ក្រុមហ៊ុន Boeing និង​រ៉ុក្កែត Atlas V របស់ Boeing សហការ​ជាមួយ Lockheed Martin ត្រូវបាន​នាំទៅ​កាន់​ប្រព័ន្ធ​ជើង​ទម្រ​លេខ 41 នៅ​ស្ថានីយ​អវកាស​ចរណ៍ Cape Canaveral កាលពី​ថ្ងៃទី 02 ខែសីហា។

រ៉ុក្កែត Atlas V និង​យាន Starliner នឹង​បំពេញភារកិច្ច​ដែល​គេ​ហៅថា OFT-2 គ្រោង​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង 0:20 នាទី ថ្ងៃទី 04 សីហា (ម៉ោង​នៅ​កម្ពុជា)។ ក្នុង​បេសកកម្ម​នេះ យាន Starliner ដែល​មិនមាន​មនុស្ស​បើក នឹងត្រូវ​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រ៉ុក្កែត Atlas V និង​យាន Starliner បាន​ទៅដល់​កន្លែង​បាញ់​បង្ហោះ​លេខ 41។ ពួកវា​ធ្លាប់​ត្រូវបាន​ដឹក​ទៅ​ដា​ក់លើ​ជើង​ទម្រ​នេះ​កាលពី​ថ្ងៃទី 29 កក្កដា ដើម្បី​ត្រៀម​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 30 កក្កដា។ ប៉ុន្តែ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ពន្យារពេល ដោយសារតែ​ម៉ូឌុល Nauka របស់ រុស្ស៊ី បានធ្វើ​ឱ្យមាន​បញ្ហា​មួយចំនួន​ដល់ ISS។

ក្រុមហ៊ុន Boeing អភិវឌ្ឍ Starliner ក្រោម​ការវិនិយោគ​ពី​កម្មវិធី​ពាណិជ្ជកម្ម​ដឹក​មនុស្ស របស់ NASA។ កម្មវិធី​នេះ​ក៏​គាំទ្រ​ដល់​យាន Crew Dragon របស់ SpaceX ផងដែរ ក្នុង​គោលដៅ​ប្រើប្រាស់​យានអវកាស​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​យាន Space Shuttle របស់ NASA បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ 2011។

Crew Dragon ធ្លាប់បាន​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់ ISS ដោយ​ជោគជ័យ ចំណែក Starliner មិនទាន់​ធ្វើបាន​នៅឡើយ។ ជាដំបូង យាន Starliner ត្រូវ​បង្ហាញ​អំពី​សមត្ថភាព​នៃ​ការហោះហើរ​ដោយ​ស្ថិរភាព​នៅពេល​ពុំមាន​មនុស្ស​ជិះ។ នេះ​គឺជា​គោលដៅ​របស់ OFT-2។ OFT-2 គឺជា​ការហោះហើរ​សាកល្បង​លើក​ទី​ពីរ​របស់ Starliner ដោយ​ត្រូវ​ហោះ​ទៅកាន់ ISS។ ការសាកល្បង​ដំបូង ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ 2019 ប៉ុន្តែ មិនបាន​ជោគជ័យ៕

Advertisement