ឈុត​ហោះហើរដែល​ «មិន​ប្រើ​កម្លាំង​ដៃ» ដំបូងបង្អស់​ក្នុង​ពិភពលោក

អង់គ្លេស៖ ឈុត​ហោះហើរ Maverick Jetpack មាន​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ជួយ​ឱ្យ​អ្នកប្រើប្រាស់​មិនត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ស្មុគស្មាញ និង​តម្លៃ​ថ្លៃ។

Maverick Aviation ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី មាន​ទីស្នាក់ការ​កណ្ដាល​នៅ Southampton ប្រទេស​អង់គ្លេស បាន​អភិវឌ្ឍ​ឈុត​ហោះហើរ​ថ្មី​ដែលមាន​ឈ្មោះថា Maverick Jetpack ដែល​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ 2022។ ក្រុមហ៊ុន​នេះ​អះអាងថា នេះ​គឺជា​ឈុត​ហោះហើរ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​មិនបាច់​ប្រើ​ដៃ។ នេះ​បើតាម​សារព័ត៌មាន Mail ចេញផ្សាយ​កាលពី​ថ្ងៃទី 14 កញ្ញា។

ខុសពី​ឈុត​ហោះហើរ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​តម្រូវឱ្យ​អ្នកប្រើប្រាស់​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ ឈុត Maverick Jetpack មាន​ប្រព័ន្ធ​បញ្ជាការ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​អ្នក​អភិវឌ្ឍ​ជឿថា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ឧបករណ៍​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ទី​ដែល​ពិបាក​ទៅដល់ ដូចជា ស្លាបចក្រ​នៅ​ទី​ខ្ពស់ ឬ​ការដ្ឋាន​សំណង់។ល។

Maverick Jetpack គឺជា​ផលិតផល​ប្រកបដោយ​បញ្ញា​របស់ Matt Denton អ្នកជំនាញ​ផ្នែក​វិស្វកម្ម​មេកា​និក នៅ ហូលីវូដ និង Antony Quinn មកពី​កងទ័ពជើងទឹក​អង់គ្លេស។

Quinn និយាយ​អំពី​មូល​ហេតុដែល​នាំឱ្យមាន Maverick Jetpack ៖ «ក្រុម​វិស្វករ ត្រូវ​ដើរ​ឡើង​តាម​ជណ្ដើរ​ខាងក្នុង​សំណង់​នានា​រាប់​ម៉ោង​ក្នុងមួយៗ ហើយ​ក្នុងស្ថានភាព​បន្ទាន់ ការដើរ​ចុះ​លឿន ហាក់​មិនអាច​ធ្វើទៅបាន។ ដ្រូ​ន អាចមាន​ប្រយោជន៍​ដល់​ការត្រួតពិនិត្យ ប៉ុន្តែ ក្នុងករណី​ជាច្រើន គេ​នៅតែ​ត្រូវការ​វិស្វករ​ម្នា​ក់នៅ​ទីនោះ»។

ក្រោយ​ដំណើរ​ទស្សនកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់ Quinn បានឃើញ​សក្ដានុពល​នៃ​ការប្រើប្រាស់​ឈុត​ហោះហើរ​នេះ។ «មុននេះ គ្រប់គ្នា​នឹង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​តម្លៃ 30 លាន​ផោន (ជាង 41,400,000 ដុល្លារ) ដើម្បី​បំពេញការងារ​សាមញ្ញ​មួយចំនួន ដូច្នេះ យើង​អាច​បង្ហាញ​ដំណោះស្រាយ​សមស្រប ដោយ​ចំណាយ​ប្រាក់​តិចតួច​ប៉ុណ្ណោះ» Quinn បន្ថែម​ដូច្នេះ។

ក្នុងវីដេអូ​ខាង​លើ​គឺជា​ឈុត​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​ Gravity Industries

Maverick Jetpack ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុស្រាលៗ រួមមាន អាលុយមីញ៉ូម, ទី​តានី​ញ៉ូ​ម និង​សរសៃ​កាបូន ហើយ​អាច​ហោះហើរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង អាស្រ័យ​លើ​ប្រភេទ​ការងារ។ ឈុត​នេះ​ក៏​បំពាក់​ប្រព័ន្ធ​ហោះ​ឡើង និង​ចុះចត​ត្រង់ ដំណើរការ​ដោយ​ម៉ាស៊ីន​យន្តហោះ​ដែលមាន​ទំហំ​ប៉ុន​គ្រាប់​បាល់​ក្នុង​កីឡា​បាល់ឱប។

Quinn ក៏បាន​ឱ្យដឹងថា ការហោះហើរ​ដោយ​ប្រើ​ឈុត Maverick Jetpack គឺ​ពិតជា​សាមញ្ញ​ណាស់ ដូច្នេះ ថ្លៃ​បណ្ដុះបណ្ដាល​ក៏​នឹង​ទាប ក្រុម​អ្នកជំនាញ​អាច​ធ្វើការ​នៅក្នុង​បរិស្ថាន​ពិបាក​ទៅដល់ ប្រកបដោយ​សុវត្ថិភាព និង​រហ័ស​ទាន់​ចិត្ត។ ការហោះហើរ​សាកល្បង​ដែលមាន​មនុស្ស​បើកបរ​ដំបូង​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​រដូវក្ដៅ​ឆ្នាំក្រោយ៕

Advertisement