iPhone 13 ទើបតែ​បង្ហាញខ្លួន​សោះ Samsung ​ចំអកចំអន​ឱ្យ Apple ភ្លាមៗតែម្ដង

ក្នុងអំឡុង​ពេលនេះ Samsung ទំនងជា «មាន​ក្ដី​សុខ» នៅពេល​បាន «ចំអក» ឱ្យ Apple ក្រោយ iPhone 13 ត្រូវបាន​បង្ហាញខ្លួន។

ថ្មីៗនេះ Appe បាន​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​មួយគូ​គឺ iPhone 13 Pro និង iPhone 13 Pro Max ដែលមាន​មុខងារ​ជាច្រើន​ត្រូវបាន​បន្ទាន់​សម័យ ក្នុងនោះ អេក្រង់ ProMotion 120Hz ត្រូវបាន​បំពាក់​ជា​លើកដំបូង​នៅលើ iPhone។ មុខងារ​នេះ​ប្រហែលជា​ថ្មីថ្មោង​សម្រាប់​អ្នកប្រើប្រាស់ iPhone ប៉ុន្តែ​តាមពិត អេក្រង់​លំដាប់​នេះ​ត្រូវបាន​បំពាក់​នៅលើ​ទូរស័ព្ទ Android លំដាប់​ខ្ពស់​តាំងពី​យូរ​មកហើយ ចំណែក​បច្ចុប្បន្ន វា​ក៏មាន​នៅលើ​ទូរស័ព្ទ​តម្លៃ​មធ្យម​ផងដែរ។

ដូច​សព្វមួយដង បន្ទាប់ពី Apple បញ្ចេញ iPhone ថ្មី ដោយមាន​ចំនុច​បង្ក​ចំណាប់អារម្មណ៍​គឺ​អេក្រង់ ProMotion 120Hz ក្រុមហ៊ុន Samsung ក៏បាន «លែបខាយ» ដាក់ Apple ដោយ​ការ​បង្ហោះ​សារ​នៅលើ Twitter។

សារ​ខាងលើ​ត្រូវបាន​បង្ហោះ​ដោយ​គណនី​ផ្លូវការ​មួយ​ដែលមាន​សញ្ញា «គូស​ធី​ក (tick) ពណ៌​ខៀវ» របស់ Samsung នៅ សហរដ្ឋអាមេរិក។ នេះ​មិនមែនជា​លើកដំបូង​ដែល Samsung ចំអក​ឱ្យ​គូប្រជែង​នោះទេ។ ឱ្យតែ​មានការ​បញ្ចេញ​ផលិតផល​ថ្មី Samsung តែងតែ​មានការ​បង្ហោះ​សារ​រិះគន់ លែបខាយ​ដល់​ផលិតផល​របស់​គូប្រជែង​នេះ ទន្ទឹមនឹងនេះ Samsung ក៏​មិន​ភ្លេច​ឃោសនា​ផលិតផល​របស់ខ្លួន​ផងដែរ។

«យើងមានអេក្រង់ 120Hz មួយរយៈពេលយូរហើយ…»

ជា​មូលដ្ឋាន iPhone 13 ឆ្នាំនេះ ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់ LTPO ដែលមាន​សមត្ថភាព​ដំណើរការ​ស្វ័យប្រវត្ត​ក្នុងការ​កែតម្រូវ​ល្បឿន​ប្រតិបត្តិការ​របស់​អេក្រង់ ដោយ​យោងទៅលើ​កិច្ចការ និង​ខ្លឹមសារ​ដែល​បង្ហាញ​នៅលើ​អេក្រង់ ដើម្បី​សន្សំសំច័យ​ថ្ម។ បច្ចេកវិទ្យា​នេះ ធ្លាប់​ត្រូវបាន Samsung បំពាក់​លើ Galaxy S21 Ultra ដែល​បាន​បង្ហាញខ្លួន​ក្នុង​ទី​ផ្សាយ​កាលពីដើម​ឆ្នាំនេះ។ ចំណែក​ទូរស័ព្ទ​ដំបូង​របស់ Samsung ដែល​បាន​បំពាក់​អេក្រង់​ល្បឿន 120Hz គឺ Galaxy S20 ដែល​បាន​បង្ហាញខ្លួន​កាលពីដើមឆ្នាំ 2020។

iPhone 13 Pro និង 13 Pro Max បច្ចុប្បន្ន មានតម្លៃ​ចាប់ពី 999 ដុល្លារ និង 1,099 ដុល្លារ​អាមេរិក សម្រាប់​កំណែ​ដែលមាន​អង្គ​ចងចាំ 128GB៕

Advertisement