បណ្ដាញ​សង្គម​ TikTok ចិន រឹតត្បិត​លើ​ការប្រើប្រាស់​របស់​ក្មេង​អាយុ​ក្រោម 14 ឆ្នាំ

Douyin ដែលជា​កំណែ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន របស់ TikTok បានប្រកាសថា​នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​ក្មេង​ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​លេង​ត្រឹមតែ 40 នាទី​ប៉ុណ្ណោះ ក្នុង 1 ថ្ងៃ។

ByteDance ជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម Douyin កាលពី​ថ្ងៃទី 18 កញ្ញា បានប្រកាស​អនុវត្ត​គោលការណ៍​សម្រាប់​ក្មេង​ជំទង់ ក្នុងនោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម TikTok កំណែ​សម្រាប់​ប្រទេស​ចិន ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ អាច​លេង Douyin បានតែ 40 នាទី​ប៉ុណ្ណោះ​ក្នុង 1 ថ្ងៃ ក្នុងអំឡុងពេល​ពី​ម៉ោង 6 ព្រឹក ដល់​ម៉ោង 22 យប់។

Douyin បានដាក់​មុខងារ​មួយចំនួន​ដូចគ្នានេះដែរ តាំងពី​ឆ្នាំ 2018 ប៉ុន្តែ ជា​មុខងារ​ដែល​អាច​ជ្រើសរើស​បាន។ ការកំណត់​ខាងលើ​ដែល​នឹង​អនុវត្ត​ចំពោះ​អ្នកប្រើប្រាស់​ចុះឈ្មោះ​ពិត និង​មាន​អាយុ​ក្រោម 14 ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារក្មេងៗពី​ខ្លឹមសារអាក្រក់។

ក្នុង​រយៈពេល 40 នាទី​រៀងរាល់ថ្ងៃ Douyin នឹង​ណែនាំ​ដល់​អ្នកប្រើប្រាស់​នូវ​ខ្លឹមសារ​ដែល​សម្បូរ​ចំណេះដឹង ដូចជា ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ ឬ​ពិព័រណ៍​សារមន្ទីរ និង​មេរៀន​ប្រវត្តិសាស្ត្រ​ជាដើម។ Douyin អំពាវនាវ​ឱ្យ​អាណាព្យាបាល​គ្រប់រូប ចុះឈ្មោះ និង​អាយុ​ពិត​របស់​កូន ដើម្បី​ជួយ​គាំទ្រ​ដល់​គោលការណ៍​ថ្មី​របស់​បណ្ដាញ​សង្គម​មួយ​នេះ។

ការកំណត់​ខាងលើ​របស់ Douyin ត្រូវបាន​ធ្វើឡើង​នៅពេល​រដ្ឋាភិបាល​ចិន ស្វែងរក​វិធី​គ្រប់គ្រង​បណ្ដា​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែល​ផ្ដល់​ខ្លឹមសារ​លើ​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន ដោយ​ចោទ​ពួកគេ​ថា រំលោភច្បាប់​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ បញ្ហា​ការពារ​ទិន្នន័យ និង​កម្លាំង​ពលកម្ម។

ប្រទេស​ចិន កាលពី​ខែមិថុនា បានធ្វើ​វិសោធនកម្ម​ច្បាប់​ការពារ​អនីតិជន ដោយ​ស្នើ​ដល់​ក្រុម​អ្នកផ្គត់ផ្គង់​ខ្លឹមសារ​ឌីជីថល បំពាក់​ឧបករណ៍​គ្រប់គ្រង​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​អតិថិជន កាត់បន្ថយ​មុខងារ​មួយចំនួន និង​កាត់បន្ថយ​ការលក់​ផលិតផល​ចំពោះ​អ្នកប្រើប្រាស់​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។

កម្មវិធី (App) ចែករំលែក​វីដេអូ Kuaishou របស់​ក្រុមហ៊ុន Kuaishou Technology ដែលជា​គូប្រជែង​ធំ​នៅ​ប្រទេស​ចិន របស់ Douyin បានកំណត់​របប​សម្រាប់​ក្មេង​មិនទាន់​គ្រប់​អាយុ ដូច​ទៅនឹង Douyin តាំងពី​ឆ្នាំ 2019 ក្រោមរូបភាព​អាច​ជ្រើសរើស​បាន។ ចំណែក WeChat ដែលជា​កម្មវិធី​ទាក់ទង​គ្នា​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ចិន របស់​ក្រុមហ៊ុន Tencent, TokTik ដែលជា​កំណែ​អន្តរជាតិ​របស់ Douyin ជាដើម ក៏បាន និង​កំពុង​អនុវត្ត​គោលការណ៍​នានា​ដើម្បី​ជួយ​ការពារ​អនីតិជន​ផងដែរ៕

Advertisement