ក្រុម​ហ៊ុន​​​​​ផលិត​រថយន្ត​របស់​ អង់គ្លេស​ ប្រើប្រាស់​​ថាមពល​​នុយក្លែអែរ​ ​សម្រាប់​ការ​ទាញ​យក​រ៉ែ​ពី​ឋាន​ព្រះចន្ទ​

ក្រុមហ៊ុន Rolls-Royce កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ (nuclear reactor) ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​សកម្មភាព​ទាញយក​រ៉ែ​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ។

ក្រុមហ៊ុន Rolls-Royce កាលពីដើម​ឆ្នាំនេះ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​របស់ អង់គ្លេស ដើម្បី​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ប្រើប្រាស់​ថាមពល​នុយ​ក្លេ​អែរ​សម្រាប់​រ៉ុក្កែត។ ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​លើ​វិធី​ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ខ្នាតតូច ដើម្បី​រុញច្រាន​រ៉ុក្កែត​ក្នុង​ទី​អវកាស បំណង​បង្កើនល្បឿន​ឱ្យ​លឿន​ជាង​បច្ចុប្បន្ន និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឡើងវិញ​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​សកម្មភាព​ទាញយក និង​រក្សា​រ៉ែ បន្ទាប់ពី​ដំណើរការ​រុករក​នៅលើ​ឋាន​ព្រះ​ចន្ទ ឬ​ពិភព​ព្រះ​អង្គារ។

Dave Gordon មេដឹកនាំ​ផ្នែក​ការពារជាតិ​របស់ Rolls-Royce បានឱ្យដឹងថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​បទពិសោធន៍ 60 ឆ្នាំ នៅក្នុង​ការអភិវឌ្ឍ​នាវាមុជទឹក​នុយ​ក្លេ​អែរ​សម្រាប់​កងទ័ពជើងទឹក អង់គ្លេស របស់ខ្លួន សម្រាប់​វិស័យ​អវកាស។

Gordon និយាយថា ប្រភព​រ៉ែ​កម្រ​នៅលើ​ផែនដី ពិតជា​មិនសូវមាន ប៉ុន្តែ គេ​អាច​រកឃើញ​ពួកវា​នៅលើ​ឋាន​ព្រះ​ចន្ទ និង​បណ្ដា​ភព​ដទៃ។ លោក​អះអាងថា ការរុករក និង​ទាញយក​រ៉ែ​នៅលើ​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ អាច​ក្លាយជា​ការពិត​ក្នុង​អនាគតកាល។ សកម្មភាព​ថ្មី​ទាំងនេះ ត្រូវការ​ថាមពល​នុយ​ក្លេ​អែរ ព្រោះថា ថាមពលព្រះអាទិត្យ​មិន​សមស្រប​ជាមួយនឹង​គម្លាត​នៃ​រយៈ​ចម្ងាយ​ដ៏​ធំធេង​នេះ​ទេ។

Rolls-Royce មិនមែនជា​ក្រុមហ៊ុន​តែមួយ​ដែលមាន​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​រុករក និង​ទាញយក​រ៉ែ​ពី​ភព​ផ្សេង​នោះទេ។ ក្រុមហ៊ុន​ចំនួន​បី រួមមាន Lunar Outpost, Honeybee Robotics និង​ក្រុមហ៊ុន Masten Space Systems ក៏​កំពុងតែ​អភិវឌ្ឍ​ប្រព័ន្ធ​ថ្មី​ដើម្បី​ទាញយក​ទឹកកក​ពី​ឋាន​ព្រះ​ចន្ទ ដោយ​រ៉ុក្កែត នៅ​ឆ្នាំ 2023។ អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​សាកលវិទ្យាល័យ Arizona ក៏​ទទួលបាន​ខ្ទង់​ថវិកា 500,000 ដុល្លារ ពី NASA ដើម្បី​អភិវឌ្ឍ​ក្រុម​រ៉ូ​បូត​ស្វ័យប្រវត្ត​ដែល​អាច​ស្វែងរក និង​ជីក​យក​រ៉ែ​ដី​កម្រ​នៅលើ​ឋាន​ព្រះ​ចន្ទ​ផងដែរ៕

Advertisement