ស្ថានីយ​អវកាស​ចិន ធៀប​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ មួយណា​គ្រាន់បើ​ជាង?

ស្ថានីយ​អវកាស​ចិន Tiangong ដែលមាន​ទំហំ​តូច​ជាង មាន​បន្ទាប់​ម៉ូឌុល (module) ចំនួន 3 និង​កែវយឹត​អវកាស ខណៈដែល​ស្ថានីយ​អវកាស​អន្តរជាតិ មាន​ទំហំ​ធំ​ជាង ដោយមាន បន្ទប់​ម៉ូឌុល ចំនួន 16។

ប្រការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន នោះ​គឺ​វា​ត្រូវបាន​ផលិតឡើង​ទាំងស្រុង​ដោយ​ប្រទេស​ចិន​ផ្ទាល់។ ចាប់តាំងពី​ឆ្នាំ 2011 ទីភ្នាក់ងារ​អវកាស NASA របស់ អាម៉េរិក ត្រូវបាន​ហាម​សហការ​ជាមួយ ប្រទេស​ចិន ទៅតាម​ច្បាប់​របស់ សហរដ្ឋ​អាម៉េរិក (លើកលែងតែ​សភា​អនុញ្ញាត)។ ជា​លទ្ធផល ក្រុម​អវកាស​ចរ​ចិន មិនបាន​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែលជា​ផលិតផល​នៃ​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អវកាស​ចំនួន 5 គឺ NASA (សហរដ្ឋ​អាម៉េរិក), Roscosmos (រុស្ស៊ី), JAXA (ជប៉ុន), ESA (សហភាព​អឺរ៉ុប) និង CSA (កាណាដា)។

ISS បច្ចុប្បន្ន មាន​បន្ទប់​ម៉ូឌុល ចំនួន 16 ខណៈដែល​ដើមឡើយ ស្ថានីយ​អវកាស​ចិន Tiangong មានតែ 1 ម៉ូឌុល ប៉ុណ្ណោះ ដែល​កំពុង​គោចរ​នៅលើ​គន្លង​តារាវិថី ប៉ុន្តែ ចុងក្រោយ Tiangong នឹង​រួមមាន 3 ម៉ូឌុល។

បច្ចុប្បន្ន អ្នក​អវកាស​ចិន ចំនួន 3 នាក់ អាច​រស់​នៅលើ​ស្ថានីយ​អវកាស Tiangong។ ចំណែក​ស្ថានីយ​អវកាស​អន្តរជាតិ​វិញ តែងតែមាន​អវកាស​ចរ 6 នាក់ ធ្វើការ​រួមគ្នា។ កាលពី​ឆ្នាំ 2009 នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ មាន​អ្នក​អវកាស​រហូតដល់ 13 នាក់​ឯណោះ។ ប្រទេស​ចិន ក៏​អាច​ឈានដល់​ដំណាក់កាល​ដូចគ្នានេះដែរ ដោយ​ការបន្ថែម បន្ទប់​ម៉ូឌុល។

ដោយសារតែ​រចនា​រូបរាង​ទម្រង់​ជា​បន្ទប់​ម៉ូឌុល ស្ថានីយ​អវកាស​អន្តរជាតិ អាច​បន្ត​ពង្រីក​មាឌ ចាប់ពី​ក្រោយ​ឆ្នាំ 1998។ បើសិនជា ម៉ូឌុល មួយ​ខូច ឬ​ដំណើរការ​មិនល្អ​ដូច​មុន​ទៀត អ្នក​អាច​ដោះ​វា​ចេញ នឹងដាក់ ម៉ូឌុល ថ្មី។ នេះ​បើតាម Quentin Parker ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​នៃ​សាកលវិទ្យាល័យ​ហុងកុង។

បើទោះជា​ស្ថានីយ​អវកាស Tiangong តូច​ជាង ប៉ុន្តែ ប្រទេស​ចិន បានឱ្យដឹងថា វា​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ទាន់សម័យ​ជាង ធៀប​នឹង ISS ក្នុងនោះ​មាន​ប្រព័ន្ធ​ផ្ទាំង​សូ​ឡា ដែល​ផ្គត់ផ្គង់​ថាមពល​ដល់ Tiangong។ «ប្រព័ន្ធ​ថាមពល​របស់​យើង អាច​ស្រូបយក​កម្ដៅ​ព្រះអាទិត្យ​ជាង 30% ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​អ្វីដែល​យើង​បានឃើញ​នៅលើ​ស្ថានីយ​អវកាស​ដទៃ» Zhou Jianping ប្រធាន​ក្រុម​អ្នក​រចនា​នៃ​គម្រោង​បច្ចេកទេស​អវកាស​មាន​មនុស្ស​បើកបរ​របស់ ចិន អះអាង​ដូច្នេះ។

ជា​មូលដ្ឋាន អគ្គិសនី​ពី​បន្ទះ​សូ​ឡា ជួយ​រក្សា​អំពូល​ភ្លើង​ឱ្យ​ភ្លឺ។ ចំនុច​ពិសេស​មួយ​នៅក្នុង​រចនា​របស់ Tiangong នោះ​គឺ​អគ្គិសនី​ទាំងនេះ​ក៏​ផ្គត់ផ្គង់​ថាមពល​ដល់​បច្ចេកវិទ្យា​រុញច្រាន​របស់​ស្ថានីយ​អវកាស។ ដូច្នេះ បើទោះជា Tiangong នៅតែ​ប្រើប្រាស់​ឥន្ធនៈ​សម្រាប់​រុញច្រាន​ធម្មតា​ដូច​ទៅនឹង ISS ក៏ពិតមែន ប៉ុន្តែ ប្រទេស​ចិន បានឱ្យដឹងថា ស្ថានីយ​របស់​ពួកគេ​មិនចាំបាច់​ចំណាយ​ឥន្ធនៈ​ច្រើន​សម្រាប់​ការហោះហើរ​លើ​គន្លង​គោចរ។

បើសិនជា​មិន​ប្រើប្រាស់​ឥន្ធនៈ​រាវ ឬ​រឹង ដើម្បី​បង្កើតជា​កម្លាំង​រុញច្រាន អ្នកនឹង​មិនបាច់​យក​ទម្ងន់​នោះ​ទៅជា​មួយ។ នោះ​គឺជា​ការ​សន្សំសំច័យ​មួយ​ដែរ។

ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា ប្រព័ន្ធ​រុញច្រាន​របស់ Tiangong មាន​ប្រសិទ្ធភាព និង​ខ្លាំង​ជាង​ប្រហែល 5 ដប ធៀប​នឹង ISS ដែលជា​ស្ថាបត្យកម្ម​មួយ​ដែល​ប្រើប្រាស់​ឥន្ធនៈ​ច្រើន ពោលគឺ​ប្រហែល 9 តោន/ឆ្នាំ ដើម្បី​ហោះ​លើ​គន្លង​គោចរ។

ឧបករណ៍​មួយទៀត ដែល ISS មិនមាន នោះ​គឺ​កែវយឹត​អវកាស (តេ​ឡេ​ស្កុប) Xuntian ដែល​ភ្ជាប់​ជាមួយ​ស្ថានីយ។ Xuntian ដែលមាន​រូបរាង​ស្រដៀង​នឹង​កែវយឹត​អវកាស Hubble នឹង​ហោះ​ទន្ទឹមគ្នា​នឹង Tiangong។ Xuntian នឹងមាន​កាមេរ៉ា​ខ្នាត​យក្ស 1 គ្រាប់ ដែល​អាច​មើល​ទី​អវកាស​ទំហំ​ធំ​ជាង 300 ដង ធៀប​នឹង​កែវយឹត​អវកាស Hubble ដោយ​ចំណាយពេល​មើល​តែម្ដង។ កែវយឹត​អវកាស​របស់ ចិន អាច​ចាក់​ប្រេង​ជាថ្មី និង​ត្រូវបាន​ថែទាំ​ដោយ​វិធី​ត​ភ្ជាប់​ផ្ទាល់​ជាមួយនឹង Tiangong។ ចំណែក Hubble វិញ ដោយសារតែ​វា​គោចរ​តែឯង ដូច្នេះ​នៅពេល​វា​មាន​បញ្ហា គេ​ត្រូវបញ្ជូន​មនុស្ស​ពី​ផែនដី​ទៅ​ជួសជុល។

ថ្ងៃ​ណាមួយ កែវយឹត​អវកាស ក៏ដូចជា​ស្ថានីយ​អវកាស​របស់ ចិន អាច​ត្រូវបាន​បណ្ដា​ប្រទេស​ប្រើប្រាស់ ព្រោះថា ប្រទេស​នេះ​ធ្លាប់បាន​បញ្ជាក់ថា ស្ថា​នី​អវកាស​ថ្មី​ត្រូវបាន​រចនា​ឡើង​ដើម្បី​សហការ។

យ៉ាងនេះ​ក្ដី Tiangong នឹង​មិនមែនជា​ស្ថានីយ​អវកាស​តែមួយគត់​ដែល​នឹង​ដើរ​តួឯក​ជំនួស​នោះទេ នៅពេល ISS ចូលនិវត្តន៍។ បច្ចុប្បន្ន NASA កំពុងតែ​ចាត់ចែង​គម្រោង​បាញ់​បង្ហោះ​មូលដ្ឋាន​មួយ​ដែល​ដូច​ទៅនឹង ISS ប៉ុន្តែ គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ ប្រទេស​រុស្ស៊ី ក៏​អាច​នឹង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស​របស់ខ្លួន​នៅ​ឆ្នាំ 2030៕

Advertisement