ក្រុម​ហ៊ុន​ Samsung ថតចម្លង​ខួរក្បាល​មនុស្ស​ ដាក់​ទៅក្នុង​អង្គ​ចងចាំ Neuromorphic Chips

(កូរ៉េខាងត្បូង)-ក្រុមហ៊ុន Samsung កំពុង​អភិវឌ្ឍ​វិធីសាស្ត្រ «ថតចម្លង» ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​ទៅក្នុង​ឈី​ប​របស់​កុំព្យូទ័រ ដោយមាន​ជំនួយ​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Harvard។

Samsung Electronics បង្ហាញ​វិធីសាស្ត្រ​ថ្មី​ដើម្បី​រក្សា​ទិន្នន័យ​របស់​ខួរក្បាល​មនុស្ស​នៅក្នុង​អង្គ​ចងចាំ​ខាងក្រៅ ដែល​ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Nature Electronics។ អត្ថបទ​សារព័ត៌មាន​ដែលមាន​ចំណងជើង​ថា «សរសៃប្រសាទ​អេឡិចត្រូនិក​ដែល​យោងទៅតាម​ការថត​ចម្លង​ពី​ខួរក្បាល» (Neuromorphic electronics based on copying and pasting the brain) គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Ham Don-hee នៅ​សាកលវិទ្យាល័យ Harvard, វិទ្យាស្ថាន​បច្ចេកវិទ្យា​ទំនើប​របស់ Samsung, សាស្ត្រាចារ្យ Park Hong-kun នៅ​សាកលវិទ្យាល័យ Harvard, Hwang Sung-woo នាយក​ប្រតិបត្តិ​របស់ Samsung SDS និង Kim Ki-nam អនុប្រធាន​របស់​ក្រុមហ៊ុន Samsung Electronics។

អត្ថបទ​បាន​រៀបរាប់​អំពី​វិធីសាស្ត្រ​ក្នុងការ​ថតចម្លង​ផែនទី​ត​ភ្ជាប់ neuron ក្នុង​ខួរក្បាល ដោយ​ប្រើ​បន្ទះ​ឈី​ប​អេឡិចត្រូនិក​មហា​សែន​តូច ដែល​អភិវឌ្ឍ​ដោយ​សាស្ត្រាចារ្យ Ham និង សាស្ត្រាចារ្យ Park ហើយ​ចម្លង​ផែន​ទីនេះ​ទៅក្នុង​ប្រព័ន្ធ​អង្គ​ចងចាំ​បី​វិ​មាឌ​ដែលមាន​ដង់ស៊ីតេ​ខ្ពស់។ តាមរយៈ​វិធីសាស្ត្រ «ថត និង​ចម្លង» នេះ ក្រុម​ស្រាវជ្រាវ​មានបំណង​បង្កើត​ឈី​ប​ចងចាំ​មួយ​ដែល​ត្រាប​តាម​ចំណុចពិសេសៗរបស់​ខួរក្បាល​មនុស្ស ដូចជា ការប្រើប្រាស់​ថាមពល​តិច, រៀនសូត្រ​បាន​ងាយស្រួល, ស៊ាំ​នឹង​បរិស្ថាន, សមត្ថភាព​គ្រប់គ្រង​ខ្លួនឯង និង​ការយល់ដឹង​ជាដើម ដែល​បច្ចុប្បន្ន ទាំងនេះ​នៅតែ​ជា​រឿង​ដែល​បច្ចេកវិទ្យា​មិនទាន់​ធ្វើបាន។ ប្រព័ន្ធ​ខួរក្បាល រួមមាន neuron ក្នុង​បរិមាណ​ច្រើន និង​ប្រព័ន្ធ​សរសៃប្រសាទ ទទួលបន្ទុក​ក្នុងការ​ប្រើប្រាស់​មុខងារ​នានា។ យល់ច្បាស់​អំពី​ប្រព័ន្ធ​នេះ​គឺជា​កត្តា​គន្លឹះ​ដែល​ជួយ​ក្នុងការ​រចនា​ខួរក្បាល​និម្មិត។

គោលដៅ​ដំបូង​នៃ​ការស្រាវជ្រាវ​ថ្មី​របស់ Samsung និង​សាកលវិទ្យាល័យ Harvard គឺ​ការធ្វើ​ត្រាប​តាម​ប្រព័ន្ធ​ខួរក្បាល។ បណ្ដាញ​អេឡិចត្រូត​អា​រ៉េ កម្រិត ណា​ណូ អាច​ត្រូវបាន​បញ្ជ្រាប​ចូលទៅក្នុង neuron ដើម្បី​ថត​យក​រលកសញ្ញា​អេឡិចត្រូនិក​របស់​ពួកគេ ប្រកបដោយ​សុក្រឹតភាព​ខ្ពស់។ ប្រព័ន្ធ​ថតចម្លង​នេះ ផ្ដល់​ទិន្នន័យ​អំពី​ប្រព័ន្ធ​សរសៃប្រសាទ ទីតាំង​របស់ neuron ដែល​ត​ភ្ជាប់​នឹង​គ្នា រួម​នឹង​ភាពខ្លាំង​នៃ​ការតភ្ជាប់។ ដោយ​ការថត​ចម្លង ក្រុម​ស្រាវជ្រាវ​អាចបង្កើត​ផែនទី​ស្ដីពី​ការតភ្ជាប់​របស់​សរសៃ​ប្រសាទ។

ផែនទី​ខាងលើ ក្រោយមក អាច​ត្រូវបាន «ចម្លង» ទៅកាន់​ប្រព័ន្ធ​ឈី​ប​ចងចាំ ដូចជា flash ពាណិជ្ជកម្ម (SSD) ឬ​អង្គ​ចងចាំ RRAM។

ការស្រាវជ្រាវ​នេះ​នឹង​អាច​រកឃើញ​វិធី​ចម្លង​ផែនទី neuron របស់​សរសៃប្រសាទ ទៅក្នុង​ប្រព័ន្ធ​អង្គ​ចងចាំ។ នៅពេល​ត្រូវបាន​បញ្ជា​ផ្ទាល់​ដោយ​រលកសញ្ញា​ដែល​ត្រូវបាន​កត់ត្រា​ពី​កោសិកា​ខាងក្នុង ប្រព័ន្ធ​អង្គ​ចងចាំ​អេឡិចត្រូនិក អាច​សិក្សា និង​បង្ហាញ​ផែនទី​ត​ភ្ជាប់​របស់ neuron។

ដោយសារតែ​ខួរក្បាល​មនុស្ស មាន​សរសៃប្រសាទ neuron ប្រហែល 100 ពាន់​លាន និង​ចំនួន​ចំនុច​ត​ភ្ជាប់​របស់​សរសៃប្រសាទ​ច្រើនជាង​ប្រហែល 1,000 ដង ដូច្នេះ ឈី​ប​សរសៃប្រសាទ​នឹងត្រូវ​ការ neuron និម្មិត និង​តំណ​ភ្ជាប់​នៃ​សរសៃប្រសាទ​និម្មិត​រហូតដល់ 100 ទ្រី​លាន (1 លាន​លាន) ឯណោះ។ ការបំពាក់​អង្គ​ចងចាំ​ដ៏​ធំ​នៅលើ​ឈី​ប​មួយ​គឺអាច​ទៅរួច ដោយសារ​ថា នេះ​គឺជា​បច្ចេកវិទ្យា​មួយ​ដែល Samsung កំពុងតែ​នាំមុខគេ៕

Advertisement