រ៉ូបូត Leonardo អាចដើរលើខ្សែ និងហោះហើរបានដូចសត្វបក្សី (វីដេអូ)

Leonardo គឺជា​រ៉ូ​បូត​ដំបូង ប្រើប្រាស់​ជើង​ដែលមាន​សន្លាក់​ពហុ​អ័ក្ស រួម​នឹង​កម្លាំង​រុញច្រាន​ដោយ​ស្លាប​កង្ហារ អាចធ្វើ​សកម្មភាពលំបាកៗ ទាំង​នៅលើ​ដី និង​នៅលើ​អាកាស។

កាលពី​ថ្ងៃទី 6 តុលា ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ Caltech បានបង្ហាញ​រ៉ូ​បូត​មួយគ្រឿង ឈ្មោះ Leonardo (LEO) ដែល​អាច​ដើរ​ដោយ​ថ្មើរជើង និង​ហោះហើរ។ ដោយមាន​ការ​រចនា​ជា​រូបរាង​ពិសេស LEO ថែមទាំង​អាច​លោត ជិះ​ស្គី​បន្ទះ និង​ដើរ​លើ​ខ្សែ​ទៀតផង។

នេះ​គឺជា​រ៉ូ​បូត​ដំបូង​គេ ប្រើប្រាស់​ជើង​ដែលមាន​សន្លាក់​ពហុ​អ័ក្ស និង​កម្លាំង​រុញច្រាន​ដោយ​ស្លាប​កង្ហារ ជួយ​ឱ្យ​វា​រក្សា​លំនឹង និង​ធ្វើ​កិច្ចការលំបាកៗជាច្រើន​បាន​ដោយ​ងាយ។ អនាគត រ៉ូ​បូត​នេះ អាច​ត្រូវបាន​ប្រើ​សម្រាប់​បំពេញភារកិច្ច​ស្មុគស្មាញ និង​គ្រោះថ្នាក់ ដូចជា ត្រួតពិនិត្យ និង​ដំឡើង​ឧបករណ៍​ដែល​មនុស្ស​ពិបាក​ទៅដល់ ឬ​ក្នុង​វិស័យ​យោធា ដោយសារតែ​ភាពរហ័សរហួន បត់បែន និង​ការរក្សា​លំនឹង​បានល្អ​របស់​វា។

LEO ត្រូវបាន​បង្កើតឡើង​ដោយ​យក​លំនាំ​តាម​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ចរ Astro Boy និង​ឈុត​ហោះហើរ​របស់ Iron Man។ Soon-Jo Chung ដែលជា​សហ​ស្ថាបនិក​នៃ​ក្រុម​ស្រាវជ្រាវ ឱ្យដឹងថា គម្រោង​នេះ​ក៏​យក​លំនាំ​តាម​សត្វ​បក្សី​ផងដែរ។

LEO មាន​ទម្ងន់​ប្រហែល 2.6 គីឡូក្រាម និង​កម្ពស់ 75 សង់ទីម៉ែត្រ។ វា​មាន​ប្រព័ន្ធ​សន្លាក់​ចំនួន 3 និង​ប្រព័ន្ធ​កង្ហារ​ចំនួន 4 នៅលើ​ស្មា។ តាមរយៈ​ប្រព័ន្ធ​បញ្ជា​ចលនា​រួម​រវាង​ការដើរ និង​ការហោះហើរ ស្លាប​កង្ហារ​របស់​រ៉ូ​បូត អាចជួយ​ឱ្យ​វា​រក្សា​លំនឹង​បាន​នៅពេល​ដើរ។ ប្រព័ន្ធ​សន្លាក់​ពហុ​អ័ក្ស ជួយ​ឱ្យ​រាងកាយ​សំដៅទៅ​មុខ។ ថ្ម ញាណ​សិប្បនិម្មិត និង​ប្រព័ន្ធ​ដំណើរការ ត្រូវបាន​បំពាក់​នៅលើ​ដងខ្លួន អនុញ្ញាតឱ្យ​វា​ផ្លាស់​ទី​ដោយ​ឯករាជ្យ។

រ៉ូ​បូត​ធម្មតា​ដែលមាន​ជើង 2 រឹងមាំ អាច​ផ្ទុក​របស់​ធ្ងន់ ហក់លោត ដើរ​លើ​កាំជណ្ដើរ ប៉ុន្តែ ពិបាក​ផ្លាស់​ទី​លើ​សណ្ឋាន​ដី​ស្មុគស្មាញ និង​មិនអាច​ទៅ​ដល់ទី​ខ្ពស់។ យន្តហោះ​គ្មាន​មនុស្ស​បើក (drone) អាចធ្វើ​សកម្មភាព​រហ័ស អាច​ទៅដល់​ទីតាំងលំបាកៗ ប៉ុន្តែ ត្រូវ​ចំណាយ​ថាមពល​ច្រើន និង​មិនអាច​ផ្ទុក​ទម្ងន់​បាន​ច្រើន។ ដូច្នេះ LEO ត្រូវបាន​បង្កើតឡើង​ដើម្បី​ចូលមក​បំពេញ​គុណសម្បត្តិ​របស់​ឧបករណ៍​ទាំងនេះ៕

Advertisement