ឧបករណ៍​ឡាស៊ែរ ចាក់​វ៉ាក់សាំង​ដោយ​មិន​បង្ក​ការឈឺចាប់អ្វី​ទាំង​អស់​ (វីដេអូ)

លោក David Fernandez Rivas សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Twente និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts

(ហូ​ឡង់)-ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឡាស៊ែរ ដើម្បី​បញ្ជូន​វ៉ាក់សាំង​ឆ្លងកាត់​ស្បែក ចូលទៅ​កាន់​ខ្លួន​មនុស្ស​ដោយ​មិនបាច់​ប្រើ​ម្ជុល អាច​នេះ​នឹង​ជួយ​កាត់បន្ថយ​ភាពភ័យខ្លាច​ចំពោះ​មនុស្ស​មួយចំនួន។

ឧបករណ៍ «Bubble Gun» ប្រើប្រាស់​ឡាស៊ែរ ដើម្បី​រុញច្រាន​គ្រាប់​ល្អិត​នៃ​ទឹក​ថ្នាំ ឬ​វ៉ាក់សាំង​ចូលទៅក្នុង​សាច់ ដោយ​ឆ្លងកាត់​ស្រទាប់​ស្បែក​ខាងក្រៅ នេះ​បើតាម DAvid Fernandez Rivas សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Twente និង​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts។ ដំណើរ​នេះ​កើតឡើង​លឿន​ជាង​មូស​ខាំ និង​មិនមាន​ការឈឺចាប់ ដោយសារ​មិន​ប៉ះពាល់​ដល់​ក្បាល​សរសៃវិញ្ញាណ​នៅលើ​ស្បែក។

«ក្នុង​រង្វង់ 1 មិ​ល្លី​វិនាទី បំពង់​កញ្ចក់​ដែល​ផ្ទុក​ពេញ​ដោយ​ធាតុ​រាវ​ត្រូវ​ឡើង​ក្ដៅ​នៅពេល​បញ្ចាំង​ពន្លឺ​ឡាស៊ែរ។ ពពុះ​កើតឡើង​នៅត្រង់​ធាតុ​រាវ ហើយ​រុញច្រាន​ធាតុ​រាវ​នោះ​ឱ្យធ្វើ​ដំណើរ​ក្នុង​ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង។ យន្តការ​នេះ​អនុញ្ញាតឱ្យ​នាំ​វ៉ាក់សាំង​ឆ្លងកាត់​ស្បែ​កដោយ​មិន​បង្ក​របួសស្នាម។ យើង​មិន​បានឃើញ​របួស ឬ​ស្នា​មចាក់​អ្វី​ទាំងអស់» Rivas បកស្រាយ​ដូច្នេះ។

Rivas សង្ឃឹមថា របកគំហើញ​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​កើនឡើង​នោះទេ តែ​វា​ក៏​ទប់ស្កាត់​ការឆ្លង​មេរោគ​នៅពេល​ចាក់​វ៉ាក់សាំង​ដោយ​ម្ជុល និង​កាត់បន្ថយ​កាកសំណល់​ផ្នែក​សុខាភិបាល​ផងដែរ។ ការពិសោធ​ដោយ​ជោគជ័យ​ខាងលើ ត្រូវ​ចំណាយ​ថវិកា​អស់ 1.73 លាន​ដុល្លារ​អាម៉េរិក ដែល​បានមកពី សហភាព​អឺរ៉ុប។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ចាប់ផ្ដើម​ពិសោធ​នៅលើ​មនុស្ស ហើយ​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ​នឹង​អាច​ចុះឈ្មោះ​បាន​នៅក្នុង​ខែតុលា​នេះ។

Rivas និង​សហការី ត្រូវការ​ពេល​ពី 1-3 ឆ្នាំ​ក្នុងការ​បំពេញការងារ​នានា​ដើម្បី​អាច​បញ្ចេញ​លក់​ឧបករណ៍​នេះ​នៅក្នុង​ទីផ្សារ អាស្រ័យ​លើ​ភាពជាក់ស្ដែង​នៃ​ការស្រាវជ្រាវ និង​បញ្ហា​ផ្ដល់​លិខិតអនុញ្ញាត៕

Advertisement