ចិន បង្កើតបាន «ផ្កាយ» មួយ​ដូង ដែលមាន​កម្ដៅ​ខ្ពស់ជាង​ព្រះអាទិត្យ 8 ដង (វីដេអូ)

ឧបករណ៍ តូ​កា​ម៉ាក (Tokamak) ដែល​កំពុង​ត្រូវបាន​ពិសោធ​នៅ ប្រទេស​ចិន បង្ហាញ​អំពី​យន្តការ​ប្រមូលផ្ដុំ អ៊ីដ្រូសែន របស់​ព្រះអាទិត្យ និង​បង្កើតបាន​កម្ដៅ​រហូតដល់ 120 លាន​អង្សា​សេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន កំពុង​អភិវឌ្ឍ «ព្រះអាទិត្យ​សិប្បនិម្មិត​មួយ​ដួង» ដែលមាន​កម្ដៅ​ខ្លាំង​ជាង​ស្នូល​របស់​ព្រះអាទិត្យ​រហូតដល់ 8 ដង​ឯណោះ ដោយ​ការធ្វើ​ត្រាប​តាម​យន្តការ​ប្រតិកម្ម​នៃ​បណ្ដុំ អ៊ីដ្រូសែន របស់​ព្រះអាទិត្យ ដើម្បី​បង្កើតបានជា​ថាមពល នៅលើ​ផែនដី​តែម្ដង។

យោងតាម​អង្គការ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ កម្ដៅ​របស់​ព្រះអាទិត្យ ជួយ​ធានា​ឱ្យ អ៊ីដ្រូសែន ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន ក៏ដូចជា​ទំហំ និង​ទម្ងន់​របស់​វា​ត្រូវបាន​កំណត់​ក្នុង​បរិវេណ​ជាក់លាក់ នាំឱ្យមាន​ការប៉ះទង្គិច​គ្នា បង្កើតបានជា​ថាមពល​ដ៏​មហិមា។

ម៉ាស៊ីន​ប្រតិកម្ម តូ​កា​ម៉ាក ដ៏​ទំនើប ដែល​ត្រូវបានធ្វើ​ការពិសោធ​នៅឯ​ទីក្រុង Hefei នៃ​ប្រទេស​ចិន ដំណើរការ​ដោយ​វិធីសាស្ត្រ​បង្កបង្កើត​ជាថ្មី​នូវ​លក្ខណ​ទាំងឡាយ​ខាងលើ។ តូ​កា​ម៉ាក ប្រើប្រាស់​កង​មេដែក​ដើម្បី​រក្សា​លំហូរ​នៃ​រស្មី ផ្លា​ស្មា (plasma) របស់ អ៊ីដ្រូសែន ដ៏​មហា​សែន​ក្ដៅ ឱ្យ​ផ្លាស់​ទី​នៅក្នុង​វត្ថុ​មួយ​ដែលមាន​រូបរាង​ដូច​ពោះវៀន​កង់ឡាន (torus)។

នៅពេល អ៊ីដ្រូសែន អណ្ដែត​នៅ​ខាងក្នុង​បន្ទប់​មេដែក ហើយ តូ​កា​ម៉ាក បញ្ចេញ​អេ​ឡិច​ត្រូ​ម៉ាញេទិក ដើម្បី​បំបែក​អាតូម​នានា​របស់ អ៊ីដ្រូសែន ចេញពី អ៊ី​ឡិច​ត្រុ​ង របស់​ពួកវា បង្កើតបានជា​ស្ថានភាព ផ្លា​ស្មា ហើយ​ក្រោយមក​ធ្វើឱ្យ​វា​ឡើងក​ម្ដៅ។

ដោយសារតែ​ផ្កាយ​សិប្បនិម្មិត​របស់ ប្រទេស​ចិន មិនអាច​បង្ហាប់ ផ្លា​ស្មា រហូតដល់​កម្រិត​មួយ​ដូច​ព្រះអាទិត្យ ដូច្នេះ​គ្រាប់​អាតូម​នានា​ត្រូវ​ការដុត​កម្ដៅ​ច្រើនជាង​ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា។

កាលពី​ខែឧសភា ម៉ាស៊ីន​ប្រតិកម្ម តូ​កា​ម៉ាក បាន​បង្កើត​កម្ដៅ ផ្លា​ស្មា រហូតដល់ 120 លាន​អង្សា​សេ ឯណោះ ក្នុង​រយៈពេល 101 វិនាទី៕

Advertisement