វិស័យ​ពិភព​និម្មិត Metaverse នឹង​ធ្វើឱ្យ​ទីផ្សារ​បច្ចេកវិទ្យា «ផ្ទុះ​កក្រើក​ខ្លាំង» ក្នុង​ឆ្នាំ ២០២២

ពិភព​និម្មិត metaverse, ផ្ទះ​ឆ្លាត​វៃ smarthome, យានយន្ត​អគ្គិសនី (EV) ជាដើម មិន​ត្រឹមតែ​ជា​និន្នាការ​ថ្មី​នោះទេ ប៉ុន្តែ វា​នឹង​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​នៅក្នុង​ឆ្នាំនេះ។

២០២២ គឺជា​ឆ្នាំ​ដែល​ត្រូវបាន​ចាត់ទុកថា បញ្ញា​សិប្បនិម្មិត (AI) មានការ​កែលំអ​យ៉ាង​សម្បើម និង​កាន់​តែមាន​ភាព​ជិតស្និត​នៅក្នុង​ជីវភាព​របស់​មនុស្សលោក។ បច្ចេកវិទ្យា blockchain, NFT បានចាប់ផ្ដើម​ក្លាយ​ជាទី​ពេញនិយម។ ទន្ទឹមនឹងនេះ វិស័យ​ពិភព​និម្មិត metaverse ក៏មាន​ការបោះ​ជំហាន​ទៅមុខ ជាមួយនឹង​ក្ដីសង្ឃឹម​ខ្ពស់​ក្នុង​ឆ្នាំ ២០២២។

«២០២២ នឹង​ជា​ឆ្នាំ​ដែលមាន​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​នៅក្នុង​វិស័យ​ពិភព​និម្មិត metaverse។ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនឹង​ដណ្ដើម​ចំណែក​ទីផ្សារ​នៅក្នុង​វិស័យ​ដែល​ទើប​លេចធ្លោ​នេះ» Rolf Illenberger ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ពិភព​និម្មិត VRdirect បាន​ប្រាប់​សារព័ត៌មាន Washington Post ដូច្នេះ។

ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភព​និម្មិត ត្រូវបាន​ផ្ដួចផ្ដើម​តាំងពី​ច្រើន​ឆ្នាំ​មកហើយ។ ស្ថាប័ន Oculus របស់​ក្រុម​ហ៊ុន​ Meta (Facebook) បាន​ឈានដល់​របត់​សំខាន់ នោះ​គឺ​ការបញ្ចេញ​ឧបករណ៍​ពិភព​និម្មិត VR បាន​ចំនួន ១០ លាន​គ្រឿង។

ចំណែក​ក្រុមហ៊ុន Microsoft ក៏​ចូលប្រលូក​ក្នុង​ទីផ្សារ VR បាន​ច្រើន​ឆ្នាំ​ហើយ​ដែរ ទន្ទឹមនឹង​ការចំណាយ​ជិត ៦៩ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ក្រុមហ៊ុន​ហ្គេម Activision Blizzard ជាមួយនឹង​ក្ដី​សង្ឃឹមថានឹង​បាន​ឈានចូល​ជ្រៅ​ទៅក្នុង​ពិភព​និម្មិត។

កាលពី​ខែមករា ២០២២ CEO របស់ Apple លោក Tim Cook បាន​ថ្លែងថា metaverse គឺជា​វិស័យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​មាន​សក្ដានុពល​ធំធេង ហើយ​ថា ក្រុមហ៊ុន Apple ក៏​កំពុង​វិនិយោគ​យ៉ាង​សមស្រប​ទៅលើ​វិស័យនេះ។

ដោយឡែក ក្រុមហ៊ុន Google វិញ ត្រូវបាន​គេ​ជឿថា កំពុង​អភិវឌ្ឍ​យ៉ាង​សម្ងាត់​នូវ​វ៉ែនតា AR ជំនាន់​ថ្មី ដោយមាន​បុគ្គលិក​ចូលរួម ៣០០ នាក់។

បណ្ដា​ផលិតផល VR, AR និង​កម្មវិធី​ជាច្រើន​ដែល​ទាក់ទង​នឹង​វិស័យ​ពិភព​និម្មិត ក៏ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ពិធី​ពិព័រណ៍​អេឡិចត្រូនិក CES ២០២២ កាលពីដើម​ខែមករា នៅ សហរដ្ឋ​អាម៉េរិក។ យោងតាម New York Times នេះ​គឺជា​សញ្ញា​នៃ​ការ​ផ្ទុះឡើង​របស់​ប្រភេទ​ឧបករណ៍​បច្ចេកវិទ្យា​ពិភព​និម្មិត នៅក្នុង​ឆ្នាំ ២០២២៕

Advertisement