ទម្រ​សម្រាប់​បាញ់​​បង្ហោះ​​រ៉ុក្កែត​​ខ្នាត​​យក្ស​​ឡើង​​ទៅ​​​កាន់​​ឋាន​​ព្រះ​ចន្ទ​​ របស់ ​ណា​សា​ ត្រូវ​​រន្ទះ​បាញ់​​ចំ​​ច្រើន​​គ្រាប់

(សហរដ្ឋ​អាម៉េរិក)-ទម្រ ៣៩B នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida ត្រូវ​រន្ទះបាញ់​ចំ​ជាច្រើនលើក​ក្នុង​ថ្ងៃទី ២ មេសា ប៉ុន្តែ មហា​រុ​ក្កែ​ត SLS កម្ពស់​ជាង ១០០ ម៉ែត្រ នៅតែ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ។

រន្ទះបាញ់​ចំនួន ៤ «គ្រាប់» បាន​បាញ់​ត្រង់​តំបន់​ជុំវិញ​ទម្រ Pad ៣៩B ជា​កន្លែង​ដែល​ប្រព័ន្ធ​រ៉ុក្កែត SLS របស់ ណា​សា នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​បញ្ចូល​ឥន្ធនៈ​សម្រាប់​បេសកកម្ម Artemis ហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​នៅ​ចុងឆ្នាំ​នេះ។ រ៉ុក្កែត​ត្រូវបាន​ការពារ​ផលប៉ះពាល់​ពីរ​ន្ទះ ដោយ​អង់​តែ​ន​ចំនួន ៣ និង​ប្រព័ន្ធ​ខ្សែ​នាំ​រន្ទះ​ចុះដី​ដែល​នៅ​ជុំវិញ។

យោងតាម ណា​សា រន្ទះ ៣ គ្រាប់​ដំបូង​មាន​ថាមពល​ខ្សោយ ប៉ុន្តែ គ្រាប់​ទី ៤ ដែល​បាញ់​ចំ​អង់​តែ​នទី​មួយ​ក្នុង​ប្រព័ន្ធ​ការពារ មាន​ថាមពល​ខ្លាំងជាងគេ នេះ​បើតាម Jeremy Parsons អនុប្រធាន​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​លើដី​របស់ ណា​សា។ លោក Parsons និយាយថា ប្រព័ន្ធ​ការពារ​រន្ទះ​ដំណើរ​ការល្អ ជួយ​ការពារ​រ៉ុក្កែត SLS និង​យាន Orion ប្រកបដោយ​សុវត្ថិភាព។

ណា​សា បាន​បន្ថែម​គុណភាព​នៃ​ប្រព័ន្ធ​ទប់ទល់​រន្ទះ​សម្រាប់​ទម្រ ៣៩B ដើម្បី​ការពារ​ប្រព័ន្ធ​ផ្នែក​រឹង​របស់​រ៉ុក្កែត។ នៅលើ​កំពូល​របស់​អង់​តែ​ននីមួយៗ មាន​បង្គោល​ស្រូបយក​រន្ទះ ធ្វើ​អំពី​សរសៃ​កញ្ចក់ និង​ខ្សែ​នាំ​រន្ទះ​ចុះដី។ ប្រព័ន្ធ​ថ្មី​នេះ​ក៏​បំពាក់​អង្គ​ញាណ​ជាច្រើន ដែល​ជួយ​ឱ្យគេ​ដឹង​អំពី​ស្ថានភាព​របស់​រ៉ុក្កែត បន្ទាប់ពី​ត្រូវ​រន្ទះបាញ់​ចំ​ក្បែរ​នោះ។

Artemis ១ គឺជា​បេសកកម្ម​ដំបូង​របស់ SLS ក្នុង​កម្មវិធី Artemis ដើម្បី​នាំ​អ្នក​អវកាស​របស់ ណា​សា ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០៥។ Artemis ១ គឺជា​ជើងហោះហើរ​គ្មាន​មនុស្ស​បើក ដែល​នឹង​ហោះ​ជុំវិញ​ព្រះ​ចន្ទ​ដើម្បី​សាកល្បង​ដំណើរការ​រ៉ុក្កែត SLS និង​យានអវកាស Orion។ ប្រព័ន្ធ​យាន និង​រ៉ុក្កែត​នេះ នឹង​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ជាច្រើន រួមទាំង​មនុស្ស​សិប្បនិម្មិត​មួយ​ដែលមាន​បំពាក់​អង្គ​ញាណ​ផងដែរ៕

Advertisement