Hyundai អភិវឌ្ឍ​យន្តហោះ​ដើរ​ដោយ​ថាម​ពល​អ៊ីដ្រូសែន ​ហោះ​ឡើង​ និង​​ចុះ​ចត​​ដោយ​​ត្រង់

ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai របស់ កូរ៉េខាងត្បូង កំពុង​ផ្ដោតលើ​ទីផ្សារ​អាកាសចរណ៍ ដោយមាន​គម្រោង​បញ្ចេញ​យន្តហោះ​អ៊ីដ្រូសែន​ដំបូង​នៅ​ឆ្នាំ ២០២៨។

Hyundai កំពុង «លេងល្បែង» មួយ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ក្នុង​វិស័យ​អាកាសចរណ៍​ជំនាន់​ថ្មី ដោយ​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Supernal កាលពី​ចុងឆ្នាំ ២០២១ ដើម្បី​ផលិត​មធ្យោបាយ​ហោះហើរ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី (eVTOL) ក្នុង​បរិមាណ​ច្រើន។

នៅក្នុង​បទ​បង្ហាញ​មួយ​នៅ​វេទិកា H2 Aero របស់ Vertical Flight Society ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង Supernal បានឱ្យដឹងថា នឹង​បញ្ចេញ​យន្តហោះ eVTOL ដំបូង​របស់ខ្លួន នៅ​ឆ្នាំ ២០២៨ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០៣០។

យោងតាម New Atlas នោះ​គឺជា​យន្តហោះ​សម្រាប់​ទីក្រុង​ដែល​ដំណើរការ​ដោយ​ថ្ម​អ៊ីដ្រូសែន មិន​បញ្ចេញ​ឧស្ម័ន​ពុល ដែល​អាច​ហោះ​បាន​រយៈ​ចម្ងាយ ១២០ គីឡូម៉ែត្រ ពោល​គឺអាច​ហោះហើរ​នៅក្នុង​រង្វង់​នៃ​ទីក្រុង​មួយ​បាន។

ទន្ទឹមនឹង​គម្រោង​យន្តហោះ eVTOL សម្រាប់​ទីក្រុង ក្រុមហ៊ុន Hyundai ក៏មាន​គម្រោង​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ ប្រតិបត្តិការ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​ប្រភេទ​យន្តហោះ​ខាងលើ ដោយ​អាច​ហោះ​បាន​ចាប់ពី ១៩០ គីឡូម៉ែត្រ ដល់ ១,០០០ គីឡូម៉ែត្រ ដែល​អនុញ្ញាតឱ្យ​បើកបរ​ឆ្លង​ពី​ទីក្រុង​មួយ ទៅកាន់​ទីក្រុង​មួយ៕

Advertisement