(វីដេអូ)-យាន​ហោះហើរ​​ជា​លក្ខណៈ​បុគ្គល​របស់ ក្រុមហ៊ុន​អាម៉េរិក អាច​ផ្ទុក​ទម្ងន់ ៩០ គីឡូក្រាម

យាន​ហោះហើរ​របស់​ក្រុមហ៊ុន Ascend Dynamics មាន​បំពាក់​មុខងារ​ជាច្រើន​សម្រាប់​បេសកកម្ម​ជួយសង្គ្រោះ ពន្លត់​អគ្គិភ័យ និង​ការថែទាំ​នៅ​ទី​ខ្ពស់។

វិស្វករ Daniel Gant ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Ascend Dynamics, LLC នៅ Poplar រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក បាន​ចំណាយពេល ១ ឆ្នាំកន្លះ ដើម្បី​អភិវឌ្ឍ​ឧបករណ៍​ហោះហើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ខាងលើ។ ម៉ូ​ដែល​គំរូ​ដំបូង​មាន​ឈ្មោះថា Skypak V១ ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ពាក់​នៅលើ​ខ្នង ដោយមាន​គ្រោង​ធ្វើ​ពី​អា​លុយ​មី​ញោម​ដែលមាន​ស្លាប​ចំនួន ៣ លយ​ចេញមកក្រៅ។

នៅ​ខាងចុង​ស្លាបនីមួយៗ មាន​ម៉ាស៊ីន​រុញច្រាន​ចំនួន ២ និង​ស្លាប់ចក្រ​ធ្វើ​ពី​ឈើ។ យាន​នេះ​មាន​ម៉ូ​ទ័​រ​អគ្គិសនី ៧ គីឡូវ៉ាត់ ចំនួន ១២ គ្រឿង ដែល​ផ្ដល់​កម្លាំង ១១២ សេះ សម្រាប់​គ្រោងឆ្អឹង​ដែលមាន​ទម្ងន់ ៣៦ គីឡូក្រាម។

យោងតាម Gant ជាមួយនឹង​ថ្ម lithium – polymer ៥០ Vm ១.៨២ គីឡូវ៉ាត់ម៉ោង ដូច​បច្ចុប្បន្ន យាន​នេះ​អាច​ហោះហើរ​ក្នុង​រយៈពេល ២ នាទី។ Gant កំពុងមាន​ផែនការ​ស្វែងរក​ទុន​បន្ថែម ដើម្បី​អភិវឌ្ឍ​កំណែ​ទី​ពីរ ដើម្បី​ធ្វើការ​ហោះហើរ​សាកល្បង​ដោយមាន​មនុស្ស​បើកបរ។ កំណែ​ទី​ពីរ​ដែលមាន​ឈ្មោះថា Skypak V២ នាពេលខាងមុខ នឹង​ប្រើប្រាស់​ស្លាបចក្រ​ធំ​ជាង​កំណែ​ទីមួយ និង​ស្ថិតក្នុង​គ្រោង​ការពារ ជួយ​ធានា​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ។ ដូច្នេះ ទម្ងន់​របស់​គ្រោង​យាន​ក៏​កើនឡើង​ដល់ ៤៥ គីឡូក្រាម និង​អាច​ដឹក​អ្នកបើកបរ​ដែលមាន​ទម្ងន់ ៩០ គីឡូក្រាម ហើយ​ហោះហើរ​បាន ២ នាទី។

បន្ទាប់ពី​កំណែ​ទី​ពីរ​ទទួលបាន​ជោគជ័យ Gant នឹង​នាំ​ផលិតផល​របស់ខ្លួន​ចូលក្នុង​ទីផ្សារ។ គ្រោងឆ្អឹង​ធ្វើ​ពី​អា​លុយ​មី​ញោម នឹងត្រូវ​បាន​ជំនួស​ដោយ​សរសៃ​កាបូន ខណៈដែល​ម៉ូ​ទ័​រ​ត្រូវបាន​បន្ថែម​កម្លាំង ចំណែក​ទម្ងន់​ដែល​វា​អាច​ផ្ទុក​បាន​ក៏​នឹងត្រូវ​បង្កើន​ដល់ ១៣៦ គីឡូក្រាម។

យោងតាម​ក្រុមហ៊ុន Ascend យាន​ហោះហើរ​របស់​ពួកគេ​មាន​អត្ថប្រយោជន៍​ច្រើន​នៅក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ, អនុវត្ត​ច្បាប់, ពន្លត់​អគ្គិភ័យ សកម្មភាព​យោធា រួម​នឹង​ការត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ខ្ពស់។ល។ យាន​នេះ​អនុញ្ញាតឱ្យ​បើកបរ​ដោយផ្ទាល់ ឬ​ដោយ​ស្វ័យប្រវត្ត។

Advertisement