ចង្កឹះ​អេឡិចត្រូនិក ជួយ​ឱ្យ​អាហារ​មាន​ជាតិ​ប្រៃ​ជាង​ធម្មតា ១.៥ ដង៖ សមស្រប​សម្រាប់​អ្នក​ត្រូវ​តម​អំបិល តែ​ចូលចិត្ត​ហូប​ប្រៃ

(ជប៉ុន)-ចង្កឹះ​អេឡិចត្រូនិក​ប្រើប្រាស់​ចរន្តអគ្គិសនី​ខ្សោយ​ដើម្បី​កែប្រែ សូ​ដ្យូ​ម​អ៊ីយ៉ុង (Sodium ion/Na+) និង​ផ្លាស់ប្ដូរ​ជី​វ្ហា​វិញ្ញាណ ជួយ​ឱ្យ​អ្នក​តម​ជាតិ​ប្រៃ​នៅតែ​អាច​ទទួល​អារម្មណ៍​ថា អាហារ​មាន​រសជាតិ​ប្រៃ​ឆ្ងាញ់ ល្មម​ទទួលទាន។

សាស្ត្រាចារ្យ Homei Miyashita នៃ​សាកលវិទ្យាល័យ Meiji (ជប៉ុន) សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ Kirin ដើម្បី​អភិវឌ្ឍ​ចង្កឹះ​អេឡិចត្រូនិក​ដែលមាន​សមត្ថភាព​បង្កើន​រសជាតិ​ប្រៃ ដោយ​ការ​រំញោច​ពី​អគ្គិសនី និង​កូន​កុំព្យូទ័រ​មួយគ្រឿង​ដែល​ភ្ជាប់​នៅលើ​ដៃ នេះ​បើតាម​សារព័ត៌មាន Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ១៩ មេសា។

ឧបករណ៍​នេះ​ប្រើប្រាស់​ចរន្តអគ្គិសនី​ខ្សោយ​ដើម្បី​បញ្ជូន សូ​ដ្យូ​ម​អ៊ីយ៉ុង ពី​អាហារ ឆ្លងកាត់​តាម​ចង្កឹះ ទៅ​ពាល់​នឹង​មាត់ ធ្វើឱ្យ​អ្នក​បរិភោគ​មាន​អារម្មណ៍​ថា​ប្រៃ។ ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ពួកគេ​នឹង​បង្កើតបាន​ចង្កឹះ​កំណែ​ពេញលេញ​នាពេលឆាប់ៗនេះ ហើយ​សង្ឃឹមថា អាច​ផ្គត់ផ្គង់​ចង្កឹះ​ថ្មី​នេះ​ដល់​អ្នកប្រើប្រាស់​នៅ​ឆ្នាំក្រោយ។

ចង្កឹះ​បច្ចេកវិទ្យា​នេះ​ប្រាកដជា​ទទួលបាន​ការ​គាំទ្រ​ច្រើន ពិសេស​គឺ​នៅ ជប៉ុន និង​នៅតាម​បណ្ដា​ប្រទេស​ដែល​អាហារ​ប្រពៃណី​មួយចំនួន​មាន​រសជាតិ​ប្រៃ​ខ្លាំង ដោយសារ​ប្រើប្រាស់​គ្រឿង​ផ្អាប់ ដូចជា​ប្រហក់ ផ្អក សៀង ឬ​ត្រី​ប្រៃ។ល។

 

Advertisement