នាវាមុជទឹក​ប្រណិត អាច​ដឹក​ភ្ញៀវ​ទេសចរណ៍ បាន ៩ នាក់ និង​អាច​មុជ​ជម្រៅ ២០០ ម៉ែត្រ

(ហូ​ឡង់)-នាវាមុជទឹក Nexus បំពាក់​ថ្ម​ដែល​អាច​ដំណើរការបាន ១៨ ម៉ោង និង​មាន​បង្អួច​ធំ​ទូលាយ អាច​មើលឃើញ​ស្ទើរ​គ្រប់​ទិស។

ក្រុមហ៊ុន​អភិវឌ្ឍ​នាវាមុជទឹក U-Boat Worx (ហូ​ឡង់) បង្ហាញ​ម៉ូ​ដែល​នាវាមុជទឹក​ថ្មី​ដែលមាន​ឈ្មោះថា Nexus នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី ២២ មេសា។ Nexus មាន​កំណែ​ចំនួន ២ ក្នុងនោះ ទី ១ ដឹក​មនុ​ស្សបាន ៨ នាក់ រួមទាំង​ក្មេង ២ នាក់ និង​អ្នកបើកបរ​ម្នាក់ ចំណែក​កំណែ​ទី ២ ដឹក​មនុ​ស្សបាន ៧ នាក់។ កំណែ​ទាំង ២ នេះ សុទ្ធ​តែមាន​រូបរាង​ដូច​ទៅនឹង​ពងក្រពើ។

U-Boat Worx បំពាក់​ទ្វារ​ចេញចូល​ធំ​បំផុត​សម្រាប់​នាវា​តូច​ដូច Nexus ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវ ខណៈដែល​ជណ្ដើរយន្ត​ក៏​អាច​ត្រូវបាន​បំពាក់​បន្ថែម។

Nexus ត្រូវបាន​ផលិតឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការទម្លាក់​ចូល​ទឹកសមុទ្រ និង​ទាញ​ឡើង​ដោយ​នាវា​នៅលើ​ផ្ទៃ​ទឹក ប៉ុន្តែ​ក៏​អាច​នាំចូល​ទឹកសមុទ្រ​ពី​ដីគោក។ ប្រព័ន្ធ​បញ្ជា​គ្មាន​ខ្សែ ជួយ​ឱ្យ​នាវា​នេះ​ផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​នាវា​ជំនួយ និង​ជួយ​ឱ្យ​វា​ស្ថិតនៅត្រង់​ទីតាំង​កំណត់។ នាវា Nexus អាច​មុជ​ចុះ​ដល់​ជម្រៅ ២០០ ម៉ែត្រ។

នាវា​នេះ​ប្រើប្រាស់​ថ្ម Li-ion ៦២ គីឡូវ៉ាត់ម៉ោង ស៊ូ​បាន​យ៉ាង​ល្អ​ជាមួយនឹង​សម្ពាធ​ទឹក និង​អាច​ដំណើរការបាន ១៨ ម៉ោង ក្រោយពី​បញ្ចូល​ថាមពល​ពេញ ដែល​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​មុជទឹក ១០ ជើង​ជា​រៀងរាល់ថ្ងៃ។ Nexus បំពាក់​ម៉ាស៊ីន​ចំនួន ១០ ដែលមាន​ថាមពល ៦.៤ គីឡូវ៉ាត់ អាច​បើកបរ​ក្នុង​ល្បឿន ៥.៦ គីឡូម៉ែត្រ/ម៉ោង និង​អាច​ផ្លាស់​ទី​ទៅកាន់​ទិស​ណា​ក៏បាន។

នាវា Nexus អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​តំបន់​ទេសចរណ៍​លំដាប់​ប្រណិត បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​ផ្លូវទឹក និង​អតិថិជន​គ្រប់រូប​ដែលមាន​បំណង​ទិញ​ប្រើ​ជា​លក្ខណៈ​ឯកជន។ ក្រុមហ៊ុន U-Boat Worx មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ​របស់​នាវា Nexus នៅឡើយ ប៉ុន្តែ គេ​ជឿថា វា​ទំនងជា​នឹងមាន​តម្លៃ​ខ្ពស់។

Advertisement