ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​មួយកន្លែង​ទៀត ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ផ្សារ​ទំនើប ក្នុង​ ខេត្ត​ព្រះសីហនុ

ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) និង មណ្ឌល​ផ្ដល់​សេវាសាធារណៈ នៅ​ផ្សារ​ទំនើប FURI ស្ថិតនៅ​សង្កាត់​លេខ ៣ ក្រុង ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២៧ មេសា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ការដាក់ឱ្យ​ដំណើរការ​នូវ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី និង មណ្ឌល​ផ្ដល់​សេវាសាធារណៈ នៅ​ក្រុងព្រះសីហនុ នេះ គឺជា​មោទកភាព​ថ្មី​មួយទៀត​សម្រាប់ ខេត្ត​ព្រះសីហនុ។ នេះ​បើតាម លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ។

មណ្ឌល​ផ្តល់ សេវាសាធារណៈ​នៅ​ផ្សារ​ទំនើប (Furi Time Square Mall) នេះ នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ដូចជា ការចុះបញ្ជី​យានយន្ត, ផ្ទេរកម្មសិទ្ធិ​យានយន្ត, ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត(ឆៀក) និង​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​បាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព តាមរយៈ​ការប្រើប្រាស់​យន្តការ​បច្ចេក​វិទ្យា​ទំនើប។

ចំណែក ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី នៅក្នុង ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្កើតឡើង មិន​ត្រឹមតែ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​សាធារណជន អំពី​បច្ចេកវិទ្យា ឧបករណ៍​បរិក្ខារ និង​អត្ថប្រយោជន៍​នានា​នៃ​យានយន្ត​អគ្គិសនី និង​ការជំរុញ​ការប្រើប្រាស់​យានយន្ដ​អគ្គិសនី​នៅ កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​លើកមុខ​មាត់​របស់ ខេត្ត​ព្រះសីហនុ ផងដែរ។ ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី នេះ គឺមាន​ការរួមចំណែក​មួយ​របស់ អង្គការ UNDP ដោយបាន​ផ្តល់​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​ចំនួន ៤ គ្រឿង សម្រាប់​ដាក់​តាម​បណ្តា​រាជធានី ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និង ខេត្ត​ព្រះសីហនុ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការបើក​ឱ្យ​ដំណើរការ​មណ្ឌល​ផ្ដល់​សេវាសាធារណៈ និង ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិ នៅ​ផ្សារ​ទំនើប FURI គឺ​ដើម្បី​ផ្ដល់​សេវា ឱ្យ​កៀក​នឹង​ប្រជាពលរដ្ឋ។ លោក​ថា យើង​ជា​មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​រាស្ត្រ៕

Advertisement