យានអវកាស Voyager របស់ ណា​សា បញ្ជូន​ទិន្នន័យ​ចម្លែក​ពី​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

ដោយសារ​ប្រព័ន្ធ​បញ្ជា​មួយ​ដែល​មិន​ស៊ីចង្វាក់​ជាមួយនឹង​ចលនា យានអវកាស ឬ​ផ្កាយរណប Voyager ១ បាន​បញ្ជូន​ទិន្នន័យ​ចម្លែក​មកកាន់​ផែនដី​ជា​បន្តបន្ទាប់ ធ្វើឱ្យ ណា​សា ព្រួយបារម្ភ បន្ទាប់ពី​បំពេញបេសកកម្ម​អស់​រយៈពេល ៤៥ ឆ្នាំ​នៅក្នុង​ទី​អវកាស។

យាន Voyager ១ របស់ ណា​សា ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ១៩៧៧ បាន​ហោះ​ចូលដល់​តំបន់​អន្តរ​តារា​កាលពី​ឆ្នាំ ២០១២ ហើយ​កំពុងតែបន្ត​គោចរ​ក្នុង​ទី​អវកាស។ បច្ចុប្បន្ន យាន​នេះ​កំពុងស្ថិត​នៅក្នុង​តំបន់​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល ២៣.៣ ពាន់​លាន​គីឡូម៉ែត្រ។ បើទោះជា Voyager ១ នៅ​ដំណើរ​ការល្អ ប៉ុន្តែ ថ្មីៗនេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទទួលខុសត្រូវ​ក្នុង​បេសកកម្ម​យល់ថា យាន​នេះ​ជួប​បញ្ហា​ច្របូក​ច្រ​ល់​ទាក់ទង​នឹង​ទីតាំង ឬ​ទិស​នៅក្នុង​ទី​អវកាស ដោយ​មិនបាន​ងាក​មកកាន់​មុខងារ​សុវត្ថិភាព ឬ​ផ្ញើ​សញ្ញា​ប្រកាសអាសន្ន។

«រឿង​ចម្លែក​ប្រភេទ​នោះ​នឹង​កើតឡើង​នៅក្នុង​ដំណាក់កាល​នេះ​នៃ​បេសកកម្ម» Suzanne Dodd អ្នកគ្រប់គ្រង​គម្រោង Voyager ១ និង Voyager ២ នៅ​បន្ទប់ពិសោធន៍​កម្លាំង​រុញច្រាន​រហ័ស (JPL) របស់ ណា​សា នៅ California ឱ្យដឹង​ដូច្នេះ។ «យាន​ទាំងពីរ​សុទ្ធ​តែមាន​អាយុ​ជិត ៤៥ ឆ្នាំ លើសពី​ការគ្រោងទុក​របស់​ក្រុម​អ្នកចាត់ចែង​បេសកកម្ម។ យាន​កំពុង​ស្ថិតក្នុង​លម្ហ​អវកាស​អន្តរ​តារា បរិស្ថាន​មាន​វិទ្យុសកម្ម​ខ្ពស់​ដែល​មិនទាន់មាន​យាន​ផ្សេង​ណាមួយ​ធ្លាប់​ហោះ​ឆ្លងកាត់»។

ទំនងជា​ប្រព័ន្ធ​បញ្ជា និង​តំណ​ភ្ជាប់​ជាមួយ​ផែនដី (AACS) របស់ Voyager ១ ជួប​បញ្ហា។ ប្រព័ន្ធ AACS ជួយ​ឱ្យ​យានអវកាស និង​អង់​តែ​ន​រប​ស់វា វិល​ត្រូវ​ទិស។ AACS ក៏​ទំនងជា​នៅ​ដំណើរការ ដោយសារតែ​វា​នៅ​ទទួលបញ្ជា អនុវត្ត និង​បញ្ជូន​ទិន្នន័យ​មកកាន់​ផែនដី​ដោយ​រលកសញ្ញា​ខ្លាំង​ដូច​ធម្មតា។ ប៉ុន្តែ AACS មិន​ស៊ីចង្វាក់​គ្នា​ជាមួយនឹង​ចលនា​របស់​យាន ហើយក៏​ផ្ញើ​ទិន្នន័យ​សំរាម​ស្ដីពី​ការវាស់វែង​ពី​ចម្ងាយ។

យោងតាម ណា​សា ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​បន្ត​ស្វែងយល់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នេះ។ ប៉ុន្តែ វា​នឹង​ស៊ីពេល​យូរ ដោយសារ​ថា រលកសញ្ញា​ពី​ផែនដី នឹងត្រូវ​ចំណាយពេល​ជាង ២០ ម៉ោង​កន្លះ ដើម្បី​ទៅដល់ Voyager ១ ហើយ​គេ​ក៏ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​យាន​នេះ​ក្នុង​រយៈពេល​ដូចគ្នានេះដែរ។

យាន Voyager ២ ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ១៩៧៧ ដែរនោះ គ៏​កំពុងដំណើរការ​ធម្មតា ប៉ុន្តែ អគ្គិសនី​ដែល​យាន​នេះ​អាចបង្កើត​បាន ចេះតែ​បន្ត​ខ្សោយទៅៗ ដូច្នេះ ក្រុម​អ្នកទទួលខុសត្រូវ​គម្រោង​ក៏ត្រូវ​បិទ​ឧបករណ៍​មួយចំនួន​ដើម្បី​សន្សំសំច័យ​ថាមពល។ ពួកគេ​សង្ឃឹមថា យាន​ទាំងពីរ​នេះ​នឹង​អាច​ដំណើរការ​រហូតដល់​ឆ្នាំ ២០២៥៕

Advertisement