យានអវកាស​របស់ Boeing ជិត​ត្រលប់​មកកាន់​ផែនដី​វិញ​ហើយ

យាន​អវកាស Starliner របស់ Boeing កំពុង​តភ្ជាប់​ជាមួយ​ ISS

(សហរដ្ឋ​អាម៉េរិក)-យានអវកាស Starliner នឹង​បញ្ចប់​បេសកកម្ម​សាកល្បង​សំខាន់​សម្រាប់ ណា​សា ដោយ​ការ​ចុះចត​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក នៅវេលា​ម៉ោង ៥៖៤៩ ថ្ងៃទី ២៦ ឧសភា (ម៉ោង​នៅ កម្ពុជា)។

Starliner ចូល​ចត​នៅឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ថ្ងៃទី ២១ ឧសភា ទៅតាម​បេសកកម្ម Orbital Flight Test ២ (OFT-២) ដែលជា​ភារកិច្ច​សំខាន់​ដើម្បី​បញ្ជាក់ថា យាន​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការដឹក​អវកាស​ចរ​របស់ ណា​សា ឡើង និង​ចុះ​ពី ISS។

យានអវកាស​នេះ​គ្រោង​នឹង​ចាក​ចេញពី ISS នៅវេលា​ម៉ោង ១៖៣៦ ថ្ងៃទី ២៦ ឧសភា ដើម្បី​ហោះ​ចុះមក​កាន់​ផែនដី។ ក្រុម​អ្នកគ្រប់គ្រង OFT-២ គ្រោង​នឹង​ឱ្យ​យាន​នេះ​ចុះចត​លើ​កំពង់ផែ​អវកាស White Sands ជា​ព្រលាន​យានអវកាស​ដែល​ធ្លាប់​បម្រើឱ្យ​បេសកកម្ម​នៃ​យាន Shuttle របស់ ណា​សា។ ថ្ងៃទី ២៧ ឧសភា គឺជា​ពេលវេលា​ត្រៀម​បង្ការ​សម្រាប់​ការ​ចុះចត​ជាថ្មី បើសិន​មានការ​ខកខាន​មិនបាន​ចុះចត​ក្នុង​ថ្ងៃទី ២៦ ឧសភា។

Starliner ធ្លាប់​ចុះចត​នៅលើ White Sands កាលពី​ខែធ្នូ ២០១៩ ក្នុង​បេសកកម្ម OFT ដំបូង​របស់ Boeing។ យាន​នេះ​ធ្លាប់​ជួប​បញ្ហា​មួយចំនួន​ក្នុង​ជើងហោះហើរ​នោះ និង​មិនអាច​ចូល​ចត​នៅ ISS បាន នាំឱ្យ​ក្រុម​អ្នកជំនាញ​ត្រូវធ្វើ​ការជួសជុល កែសម្រួល ហើយ​ធ្វើការ​សាកល្បង​បន្ត​ដែលមាន​ឈ្មោះថា OFT-។

Boeing មិនមែនជា​ក្រុមហ៊ុន​តែមួយគត់​ដែល ណា​សា បានជ្រើសរើស​ដើម្បី​ដឹក​អ្នក​អវកាស​ឡើង​ចុះ​គន្លង​គោចរ​ផែនដី​នោះទេ។ ក្រុមហ៊ុន SpaceX ក៏មាន​កិច្ចព្រមព្រៀង​មួយ​ដូចគ្នានេះដែរ។ ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​រ៉ុក្កែត Falcon ៩ និង​យាន Crew Dragon ដឹក​មនុស្ស​ឡើងទៅ​កាន់ ISS បាន ៤ លើក​មកហើយ៕

Advertisement