ស្ថានីយ​ចុះចត​របស់ ណា​សា លើ​ភព​អង្គារ ថតរូប​សែ​ល​ហ្វ៊ី​ចុងក្រោយ មុននឹង​លា​មនុស្សលោក

ស្ថានីយ​ចុះចត InSight បញ្ជូន​រូបថត​សែ​ល​ហ្វ៊ី​មកកាន់​ផែនដី បង្ហាញថា ផ្ទាំង​សូ​ឡា​របស់​យាន​នេះ​ពេញ​ដោយ​ធូលី ដែលជា​ឧបសគ្គ​ចំពោះ​ការបន្ត​បេសកកម្ម​របស់​វា​នៅលើ​ពិភព​អង្គារ។

បណ្ដា​រូបថត​សែ​ល​ហ្វ៊ី លើ​ពិភព​អង្គារ បានផ្ដល់​ព័ត៌មាន​ដ៏​មានតម្លៃ​ស្ដីពី​ស្ថានភាព​របស់​យាន ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី និង​ជួយ​ឱ្យ​ក្រុម​អ្នក​ស្រលាញ់​វិទ្យាសាស្ត្រ​អវកាស មាន​អារម្មណ៍​ថា បាន​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម «អ្នក​ផ្សងព្រេង» នៅលើ​ភព​ក្រហម​ដ៏​សែនឆ្ងាយ​នេះ។

កាលពី​ថ្ងៃទី ២៤ ឧសភា មជ្ឈមណ្ឌល​ពិសោធន៍​កម្លាំង​រុញច្រាន (JPL) របស់ ណា​សា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​បណ្ដា​រូបថត​ដែល​អាចជា​រូប​សែ​ល​ហ្វ៊ី​ចុងក្រោយ​របស់​ស្ថានីយ​ចុះចត InSight ដែល​បាន​ថត​កាលពី​ថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២។ JPL ក៏បាន​ប្រៀបធៀប​រូបថត​ថ្មី​នេះ​ជាមួយនឹង​រូប​សែ​ល​ហ្វ៊ី ដំបូង ដែល​ថត​កាលពី​ខែធ្នូ ២០១៨ ផងដែរ។ ក្នុងការ​ប្រៀបធៀប គេ​ឃើញថា នៅក្នុង​រូបថត​ថ្មី​បំផុត​នេះ ផ្ទាំង​សូ​ឡា​របស់ InSight ពេញ​ដោយ​ធូលី។

រូបថត​សែ​ល​ហ្វ៊ី​កាលពី​ថ្ងៃទី ២៤ មេសា ត្រូវបាន​ប្រមូលផ្ដុំ​ពី​បណ្ដា​រូបថត​ជាច្រើន​សន្លឹក​ដែល​ថត​ដោយ​កាមេរ៉ា​បំពាក់​លើ​ដៃ​យន្ត​របស់ InSight។ ដៃ​យន្ត​នេះ តាម​គម្រោង​នឹងត្រូវ​បានដាក់​ឱ្យ «ចូលនិវត្តន៍» នៅ​ខែឧសភា​នេះ។

ដោយសារតែ​បញ្ហា​ជាច្រើន​កើតឡើង​ព្រោះតែ​ស្រទាប់​ធូលី​ដ៏​ក្រាស់ យាន InSight គ្រោង​នឹង​ត្រូវបាន ណា​សា បញ្ចប់​បេសកកម្ម​នៅ​ចុងឆ្នាំ ២០២២។ InSight បាន​ចុះចត​លើ​ពិភព​អង្គារ កាលពី​ចុងឆ្នាំ ២០១៨។ ការដែល​ត្រូវ​លា InSight នេះ​គឺជា​រឿង​គួរឱ្យ​ស្រងេះស្រងោច ប៉ុន្តែ InSight ក៏បាន​សម្រេច​ភារកិច្ច​ជាច្រើន​ហើយ​ដែរ ដូចជា ការបង្កើត​ផែនទី​ខាងក្នុង​ភព​អង្គារ និង​រកឃើញ​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​បំផុត​នៅលើ​ភព​នេះ​ជាដើម។ល។

 

 

Advertisement