អ្នកវិទ្យា​សាស្ត្រ​អភិវឌ្ឍ​កញ្ចក់​ធ្វើ​ពី​​ត្បូង​ពេជ្រ អាច​គ្រប់​គ្រង​ឡាស៊ែរ​កម្លាំង​ ១០ គីឡូវ៉ាត់

(សហរដ្ឋ​អាម៉េរិក)-ប្រភេទ​កញ្ចក់​ពេជ្រ​ថ្មី​មាន​សភាព​រឹងមាំ​កម្រិត​ខ្ពស់ ត្រូវបាន​កែច្នៃ​ពី​ត្បូង​ពេជ្រ អាច​ប្រើប្រាស់​ក្នុង​ការផលិត​គ្រឿង​អេឡិចត្រូនិក និង​ការបញ្ជូន​ព័ត៌មាន​ក្នុង​ទី​អវកាស​ឆ្ងាយ។

ក្រុម​ស្រាវជ្រាវ​របស់​សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS) ច្នៃ​កញ្ចក់ «មហា​រឹងមាំ» មាន​សមត្ថភាព​ទាញយក និង​បញ្ជា​កម្លាំង​របស់​រលក​ឡាស៊ែរ​ប្រភេទ CW (Continuous-Wave) ដែលមាន​ថាមពល​កម្រិត​ខ្ពស់។ ការស្រាវជ្រាវ​នេះ​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communication កាលពី​ថ្ងៃទី ១១ ឧសភា។

ឡាស៊ែរ​ដែលមាន​កម្លាំង​ខ្លាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរ​ការផលិត​រថយន្ត រថភ្លើង និង​យន្តហោះ​ភាគច្រើន។ ក៏ប៉ុន្តែ ការច្នៃ​ឧបករណ៍​រឹងមាំ​ដើម្បី​បញ្ជា​កាំរស្មីឡាស៊ែរ​កម្លាំង​ខ្លាំង​ដែល​អាច​កាត់​ដែកថែប​បាន​គឺជា​រឿង​លំបាក​ជាទីបំផុត ព្រោះថា បើសិនជា​ឧបករណ៍​ដែល​ប្រើ​សម្រាប់​កំណត់​ទិស​របស់​ឡាស៊ែរ​ជួប​បញ្ហា​ក្នុងពេល​ធ្វើការ កាំរស្មីឡាស៊ែរ​នឹង​អាច​កម្ទេច​ប្រព័ន្ធ​ម៉ាស៊ីន​បាន។

សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS)

សាស្ត្រាចារ្យ Marko Loncar មកពី SEAS និង​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ​ឱ្យដឹងថា «បច្ចេកវិទ្យា​នេះ​ផ្ដល់​ក្ដីសង្ឃឹម​ក្នុងការ​កែសម្រួល ឬ​បង្កើត​ឧបករណ៍​ថ្មី​សម្រាប់​គ្រប់គ្រង​ឡាស៊ែរ​កម្លាំង​ខ្លាំង»។

ក្រុម​ស្រាវជ្រាវ​អះអាងថា កញ្ចក់​ត្បូង​ពេជ្រ​របស់​ពួកគេ​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​កាំរស្មីឡាស៊ែរ​កម្លាំង ១០ គីឡូវ៉ាត់ ដោយ​មិនមាន​ការខូចខាត​ណា​ទាំងអស់។

ក្រុម​អ្នកជំនាញ​សង្ឃឹមថា ក្នុងពេល​អនាគត កញ្ចក់​ប្រភេទ​ថ្មី​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​គ្រឿង​អេឡិចត្រូនិក ការពារជាតិ បញ្ជូន​ទិន្នន័យ​នៅ​ទី​អវកាសឆ្ងាយៗ និង​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត។

Advertisement