ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ ចិន បង្ហើប​​អំពី​​កំណែ​​គំរូ​​តាក់​ស៊ី​​ហោះ​ ល្បឿន​ ៣០០​ គីឡូ​ម៉ែត្រ/​ម៉ោង

កំណែ​គំរូ​តាក់ស៊ី​ហោះ​ដែលមាន​ទំហំ​ស្មើនឹង ១/២ នៃ​កំណែ​ពិត​របស់​ក្រុមហ៊ុន Pantuo Aviation សម្រេចបាន​នូវ​ការសាកល្បង​ស្ដីពី​រចនា​រូបរាង និង​ប្រព័ន្ធ​ហោះហើរ។

ក្រុមហ៊ុន Pantuo Aviation បាន​បង្ហើប​ឱ្យដឹង​អំពី​រចនា​រូបរាង​របស់​តាក់ស៊ី​ហោះ Pantala Concept H កាលពី​ឆ្នាំ​កន្លង។ ពេលនេះ បន្ទាប់ពី​ការប្រឹងប្រែង​អភិវឌ្ឍ​អស់​រយៈពេល​មួយឆ្នាំ Pantuo Aviation ក៏បាន​បញ្ចេញ​វីដេអូ​ដំបូង​ស្ដីពី T១ ដែលជា​កំណែ​គំរូ​ដែលមាន​ទំហំ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ទំហំ​របស់ Pantala Concept H នេះ​បើតាម New Atlas ចេញផ្សាយ​កាលពី​ថ្ងៃទី ៧ មិថុនា។

តាម​គម្រោង Pantala Concept H នឹងមាន​ល្បឿន ៣០០ គីឡូ​ម៉េ​ត្រ/ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ ២៥០ គីឡូម៉ែត្រ។ តាក់ស៊ី​ហោះ​នេះ​ប្រើប្រាស់​អគ្គិសនី​ទាំងស្រុង ដោយ​បំពាក់​ថ្ម lithium-ion និង​ប្រព័ន្ធ​កង្ហារ​ចំនួន ២២ គ្រឿង។ កង្ហារ​ទាំងអស់​របស់ Pantala Concept H នឹង​ផ្ដេកខ្លួន​នៅពេល​ងាក​ពី​ការហោះ​ឡើង​ត្រង់​ទៅរក​ការហោះ​ឆ្ពោះទៅមុខ។

យោងតាម Pantuo Aviation ការប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ឆ្នាំ​កន្លង​បាន​នាំមក​នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ Pantala Concept H កំណែ​ពេញលេញ។ ក្រុមហ៊ុន​នេះ​ដាក់​គោលដៅ​យក​ឱ្យបាន​នូវ​វិញ្ញាបនបត្រ​ទទួលស្គាល់ ហើយ​ចាប់ផ្ដើម​ដំណើរការ​សេវាកម្ម​តាក់ស៊ី​ហោះ​របស់ខ្លួន​យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៧។

ក្រៅពី Pantuo Aviation ក៏​នៅមាន​ក្រុមហ៊ុន​របស់ អាល្លឺម៉ង់ ចំនួន ២ គឺ Lilium និង Volocoter ដែល​សុទ្ធតែ​ប្រកាសថា​នឹង​ដំណើរការ​សេវា​តាក់ស៊ី​ហោះ​របស់ខ្លួន​នៅ​ឆ្នាំ ២០២៤។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ទីផ្សារ​តាក់ស៊ី​ហោះ​នឹងមាន​តម្លៃ​ឡើងដល់ ៦.៦៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣០។

Advertisement