XPeng បង្ហាញ​កម្មវិធី​សម្រាប់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត City NGP ដូច Tesla FSD

មុខងារ​ជួយ​ដល់​ការបើកបរ​កម្រិត​ខ្ពស់​របស់ XPeng Motors ចុងក្រោយ​ក៏ត្រូវ​បាន​បំពាក់​នៅលើ​រថយន្ត​អគ្គិសនី​មួយចំនួន​នៅ ប្រទេស​ចិន។

ក្រុមហ៊ុន XPeng ថ្ងៃនេះ​បានប្រកាសថា មុខងារ​បើកបរ​ស្វ័យប្រវត្ត​ក្នុង​ទីក្រុង (City NGP) របស់ខ្លួន ត្រូវបាន​ដំណើរការ​ក្នុង​ទ្រង់ទ្រាយ​សាកល្បង​នៅក្នុង​ទីក្រុង Guangzhou ជាទី​ដែល XPeng ដាក់​ទីស្នាក់ការ​កណ្ដាល។ ប្រការនេះ​បាន​ជួយ​ឱ្យ XPeng ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ ចិន ដំបូង​ដែល​បង្ហាញ​ប្រព័ន្ធ​ជំនួយការ​បើកបរ​កម្រិត​ខ្ពស់ (ADAS)។

XPeng ឱ្យដឹងថា ម្ចាស់​រថយន្ត​អគ្គិសនី XPeng P5 មួយចំនួន​នៅ Guangzhou បច្ចុប្បន្ន​អាច​ប្រើប្រាស់​មុខងារ City NGP តាមរយៈ​កំណែ​បច្ចុប្បន្នភាព OTA។

លោក He Xiaopeng ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន XPeng បាន​និយាយថា «យើង​ជឿថា បទពិសោធន៍​នៃ​ការប្រើប្រាស់​ដែល​ត្រូវបាន​លើកកម្ពស់​របស់ City NGP នឹង​ជំរុញ​ដំណើរការ​ប្ដូរផ្លាស់​ទម្លាប់​បើកបរ​ទៅរក​យុគសម័យ​ស្វ័យប្រវត្ត និង​ការបើកបរ​ស្វ័យប្រវត្តិ​ក្នុងពេល​អនាគត»។

City NGP គឺជា​មុខងារ ADAS ដូច​ទៅនឹង​មុខងារ​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង (Full Self-Driving – FSD) របស់ Tesla ដែល​អនុញ្ញាតឱ្យ​រថយន្ត​អនុវត្ត​គ្រប់​តួនាទី​របស់​អ្នកបើកបរ​នៅពេល​វា​ត្រូវបាន​បើក​ដំណើរការ និង​ទីតាំង​ជា​គោលដៅ​ដែល​ត្រូវបាន​ម្ចាស់​រថយន្ត​កំណត់៕

Advertisement