ឡាន​ហោះ​អគ្គិសនី​បញ្ចូល​ថាមពល​រហ័ស ល្បឿន​ជាង ២០០ គីឡូម៉ែត្រ/ម៉ោង

ឡាន​ហោះ H1 ប្រើពេល​ប្រហែល ២០ នាទី ដើម្បី​បញ្ចូល​ថាមពល​ថ្ម​ពី ២០% ឡើងដល់ ៨០% និង​ហោះ​បាន​ជិត ១០០ គីឡូម៉ែត្រ ដោយ​ដឹក​មនុស្ស ២ នាក់។

ក្រុមហ៊ុន​អាកាសចរណ៍ Doroni មាន​ទីស្នាក់ការ​នៅ Miami សហរដ្ឋ​អាម៉េរិក ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​ជាមុន​សម្រាប់​ឡាន​ហោះ​ឯកជន H1 នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី ១៩ កញ្ញា។

ក្នុង​គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​ផលិត​យានយន្ត​អគ្គិសនី​ហោះហើរ និង​ចុះចត​ត្រង់​ភាគច្រើន​កំណត់​គោលដៅ​ទីផ្សារ​តាក់ស៊ី​ហោះ​នៅក្នុង​ទីក្រុង ក្រុមហ៊ុន Doroni ឯណេះ​វិញ​មានបំណង​វាយលុក​ទីផ្សារ​ផ្សេង​ពីនេះ។ ក្រុមហ៊ុន​នេះ​ឆ្ពោះទៅរក​អ្នកបើកបរ​ឯកជន និង​អះអាងថា H1 ងាយស្រួល​ប្រើប្រាស់​ជាង បើ​ធៀប​នឹង​ឧទ្ធម្ភាគចក្រ ឬ​យន្តហោះ​ធម្មតា។ គ្រប់គ្នា​ឱ្យតែ​មាន​ប័ណ្ណបើកបរ​ធម្មតា​គឺអាច​ប្រើប្រាស់ H1 ក្រោយពី​បានបញ្ចប់​វគ្គ​ហ្វឹកហាត់​ប្រហែល ២០ ម៉ោង។

H1 គឺជា​ឡាន​ហោះ ២ កៅអី មាន​កង់ មាន​ប្រព័ន្ធ​ស្លាប​ចំនួន ២ និង​មាន​ស្លាប​កង្ហារធំៗ អាច​ដឹក​ទម្ងន់ ២២៧ គីឡូក្រាម។ អ្នកប្រើប្រាស់​អាច​បើកបរ H1 ចូលទៅក្នុង​ស្ថានីយ​បញ្ចូល​ថាមពល​ធម្មតា។ ជាមួយនឹង​មុខងារ​បញ្ចូល​ថាមពល​រហ័ស H1 ចំណាយពេល​តែ ២០ នាទី​ប៉ុណ្ណោះ គឺអាច​បន្ថែម​ថាមពល​ពី ២០% ឡើងដល់ ៨០% នេះ​បើតាម Doron Merdinger នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Doroni។

ល្បឿន​អតិបរមា​របស់ H1 នឹង​ឡើងដល់ ២២៥ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ​ជិត ១០០ គីឡូម៉ែត្រ។ H1 ក៏មាន​បំពាក់​ឆត្រយោង​មួយ​ដើម្បី​ធានា​សុវត្ថិភាព។

ក្រុមហ៊ុន Doroni បានបង្ហាញ​ប្រព័ន្ធ​នានា​របស់ H1 នៅក្នុង​ពិព័រណ៍​អាកាសចរណ៍ Experimental Aircraft Association (EAA) AirVenture នៅឯ​ព្រលានយន្តហោះ​ក្នុង​តំបន់ Wisconsin សហរដ្ឋ​អាម៉េរិក កាលពី​ខែកក្កដា។

Doroni នឹង​ចាប់ផ្ដើម​ប្រគល់​ទំនិញ​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០២៤។ ក្រុមហ៊ុន​នេះ​ទទួល​ការបញ្ជាទិញ​មុន​តែ ៣៦ គ្រឿង​ប៉ុណ្ណោះ។ តាម​ការ​គណនា នៅពេល​បង្ហាញខ្លួន​ជា​ផ្លូវការ ឡាន​ហោះ​នេះ​អាច​នឹងមាន​តម្លៃ ១៥០,០០០ ដុល្លារ​អាម៉េរិក៕

Advertisement