តេ​ឡេ​ស្កុប​ឆ្លុះ​មើល​អតីតកាលក្នុង​ចក្រវាល​ James Webb ជួប​បញ្ហា​បច្ចេកទេស

តេ​ឡេ​ស្កុប​ឆ្លុះ​មើល​អតីតកាលក្នុង​ចក្រវាល​ James Webb ជួប​បញ្ហា​បច្ចេកទេស

(សហរដ្ឋ​អាម៉េរិក)-ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍សំខាន់ៗដែល​ជួយ​ដល់​ការឆ្លុះ​មើល​ក្នុង​កម្រិត​រលក​ពន្លឺ​អ៊ី​ន​ហ្វ្រា​រេ​ដ របស់​តេ​ឡេ​ស្កុប​អវកាស James Webb មិនអាច​ដំណើរការបាន​ដូច​ធម្មតា។

តេ​ឡេ​ស្កុប​ជំនាន់​ថ្មី​នេះ​កំពុងតែ​ផ្ញើ​រូបភាព​វិទ្យាសាស្ត្រ​ស្ដីពី​ពិភព​នានា​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ កាឡាក់ស៊ី និង​ភព​នៅ​ខាងក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស។ បញ្ហា​នៅលើ​ឧបករណ៍​អ៊ី​ន​ហ្វ្រា​រ៉េដ​កណ្ដាល (MIRI) នឹង​ប៉ះពាល់​ដល់​ល្បឿន​នៃ​ដំណើរការ​របស់ Webb ដោយ​វា​មិនអាច​ធ្វើការ​ប្រកប់ដោយ​ជំនាញ។ នេះ​បើតាម​សារព័ត៌មាន Cnet ចេញផ្សាយ​កាលពី​ថ្ងៃទី ២០ កញ្ញា។

MIRI បំពាក់​កាមេរ៉ា​មួយគ្រឿង និង​ឧបករណ៍​វាស់​ស្ទង់ (spectrometer) កម្រិត​ពន្លឺ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​សង្កេត​អវកាស​ក្នុង​រលក​អ៊ី​ហ្វ្រា​រ៉េ​ដដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ។ MIRI មាន​ជំនាញ​ក្នុងការ​តាមដាន​តំបន់​កកើត​ផ្កាយ​នៅក្នុង​កាឡាក់ស៊ី​នានា។

MIRI ប្រើប្រាស់ ៤ របប ឬ​ទម្រង់​នៅក្នុង​ការសង្កេត​អវកាស។ កាលពី​ថ្ងៃទី ២៤ សីហា រចនាសម្ព័ន្ធ​មួយ​ដែល​ជួយ​ដល់​ទម្រង់​ទាំង ៤ នេះ គឺ​ម៉ាស៊ីន​វាស់​ស្ទង់​ពន្លឺ​ដែលមាន​គុណភាព​បង្ហាញ​កម្រិត​មធ្យម (MRS) មាន​សញ្ញា​បង្ហាញថា ការ​កកិត​មានការ​កើនឡើង​នៅក្នុងពេល​ដំឡើង​ដើម្បី​ធ្វើការ​សង្កេត នេះ​បើតាម​ណា​សា។

គ្រឿង​ម៉ាស៊ីន​ដែល​ជួប​បញ្ហា​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជ្រើសរើស​រលក​ពន្លឺផ្សេងៗគ្នា នៅពេល Webb សង្កេត​នៅក្នុង​ទម្រង់ MRS។ ក្រុម​វិស្វករ​បាន​បើក​ការវាយតម្លៃ​កាលពី​ថ្ងៃទី ០៦ កញ្ញា ដើម្បី​ពិនិត្យមើល​បញ្ហា និង​រក​វិធី​ដោះស្រាយ។

ណា​សា បាន​សង្កត់ធ្ងន់ថា តេ​ឡេ​ស្កុប James Webb នៅតែ​ដំណើរ​ការល្អ ហើយ​របប ឬ​ទម្រង់​សម្រាប់​សង្កេត​ទាំង ៣ ដែល​នៅសល់​របស់ MIRI កំពុងដំណើរការ​ធម្មតា។

តេ​ឡេ​ស្កុប​នេះ កន្លងមក​ក៏​ធ្លាប់​ជួប​បញ្ហា​ម្ដង​ហើយ នៅពេល​ត្រូវ​អាចម៍ផ្កាយ​ល្អិត ១ គ្រាប់​ហោះ​មក​បុក​កញ្ចក់​របស់​វា៕

Advertisement