ក្រុមហ៊ុន Google បន្ថែម​ប្រាក់ចំណូល​សម្រាប់​អ្នកធ្វើ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Youtube

បណ្ដាញ​សង្គម Youtube នឹង​ចាប់ផ្ដើម​ដាក់​ផ្សាយពាណិជ្ជកម្ម​នៅលើ​មុខងារ​វីដេអូ​ខ្លី ហើយ​អ្នកបង្កើត​វីដេអូ​រក្សា​ប្រាក់ចំណូល ៤៥%។

ថ្មីៗនេះ Youtube បាន​បញ្ចេញ​វិធី​ថ្មី​ដើម្បី​ជួយ​ឱ្យ​អ្នក​ផលិត​ខ្លឹមសារ​អាច​រកប្រាក់​ពី​វីដេអូ​ខ្លី នៅក្នុង​គ្រា​ដែល​បណ្ដាញ​សង្គម​នេះ​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ពី TikTok។

បណ្ដាញ​សង្គម​របស់ Google កាលពី​ថ្ងៃទី ២០ កញ្ញា បានប្រកាសថា ពួកគេ​នឹងដាក់​ផ្សាយពាណិជ្ជកម្ម​នៅលើ​មុខងារ​វីដេអូ​ខ្លី​ដែលមាន​ឈ្មោះថា Shorts ហើយ​អ្នកបង្កើត​វីដេអូ​ប្រភេទ​នេះ រក្សា​ប្រាក់ចំណូល ៤៥% ទាប​ជាង​បន្តិច​ធៀប​នឹង ៥៥% សម្រាប់​វីដេអូ​វែង​ដែល​មិន​ស្ថិតក្នុង​ក្រុម Shorts។

អ្នកធ្វើ​វីដេអូ​មួយចំនួន​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ឥរិយាបថ​ថ្មី​របស់ Youtube ដោយ​យល់ថា បណ្ដាញ​សង្គម​នេះ​កំពុង​តែមាន​វិធី​ថ្មី​ជួយ​ឱ្យ​អ្នក​ផលិត​វីដេអូ​រីកចម្រើន​ទៅតាម​រូបភាព​ផ្សេងគ្នា។

កាលពី​ខែមេសា​ឆ្នាំនេះ Youtube បាន​បង្កើត​មូលនិធិ​មួយ​ដែលមាន​តម្លៃ ១០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី «ចងជើង» អ្នក​ផលិត​វីដេអូ​រយៈពេល​មធ្យម។

គម្រោង​ចែករំលែក​ប្រាក់ចំណូល​ថ្មី​របស់ Youtube គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់ Shorts ទៅតាម​ទិសដៅ​ស្ថិរភាព។

នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ Google រកបាន​ប្រាក់ ១៤.២ ពាន់​លាន​ដុល្លារ​ពី​ការផ្សាយពាណិជ្ជកម្ម​លើ Youtube កើន ៩% ធៀប​នឹង​ពាក់កណ្ដាល​ដើមឆ្នាំ​កន្លង។ ប៉ុន្តែ បរិមាណ​នៃ​ការលក់​ពាណិជ្ជកម្ម​ប្រចាំត្រីមាស​ចុង​ក្រោយនេះ​បង្ហាញថា វា​មាន​កំណើន​យឺត​បំផុត​រាប់​ចាប់តាំងពី Youtube ចាប់ផ្ដើម​ប្រកាស​ទិន្នន័យ​ស្ដីពី​ប្រាក់ចំណូល​កាលពី ៣ ឆ្នាំមុន។

Advertisement