រថយន្ត​អគ្គិសនី​ចិន រូបរាង​ដូច Tesla Model 3 ប៉ុន្តែ តម្លៃ​ត្រឹម ២៦,០០០ ដុល្លារ​អាម៉េរិក

Changan Automobile ​ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ រដ្ឋ​ចិន ទើបតែ​បានបង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី Shenlan SL03 មាន​រូបរាង​ដូច​ខ្លាំង​ទៅនឹង Tesla Model 3 តែមាន​តម្លៃ​ចាប់ពី ២៦,០០០ ដុល្លារ​ប៉ុណ្ណោះ។

ផ្ទៃ​ខាងមុខ និង​ទំហំ​របស់​រថយន្ត​អគ្គិសនី Shenlan SL03 ដូច​ទៅនឹង Model 3 របស់ Tesla។ Shenlan SL03

មាន​បណ្ដោយ​វែង​ជាង Model 3 ប្រហែល​តែ ១០ សម ប៉ុន្តែ ទទឹង កម្ពស់ និង​ចម្ងាយ​ចន្លោះ​ភ្លៅ​នៃ​កង់​រថយន្ត (wheelbase) មាន​ប្រវែង​ស្ទើរតែ​ស្មើ​គ្មាន​ទាំងស្រុង។

គ្រឿងសង្ហារិម​របស់ Shenlan SL03 មាន​លក្ខណៈសាមញ្ញ និង​មាន​អេក្រង់​ទូរទស្សន៍​ធំ​មួយគ្រឿង​​នៅខាង​មុខ​ ចំ​កណ្ដាល ​ដូច​ទៅនឹង​ក្នុង​រថយន្ត Model 3។

រថយន្ត​អគ្គិសនី Shenlan SL03 កំណែ​ធម្មតា​អាច​រត់​បាន​ចម្ងាយ​ផ្លូវ ៥១៥ គីឡូម៉ែត្រ និង​កំណែ​ខ្ពស់ជាង​នេះ​រត់​បាន ៧០៥ គីឡូម៉ែត្រ នៅពេលបញ្ចូល​ថាមពល​​ពេញ។

Shenlan SL03 មានតម្លៃ​ចាប់ពី ១៨៣,៩០០ យុន ប្រហែល ២៦,០០០ ដុល្លារ​អាម៉េរិក។ ចំណែក Tesla Model 3 នៅ ប្រទេស​ចិន មានតម្លៃ​ចាប់ពី ២៧៩,៩០០ យុន ប្រហែល ៤០,០០០ ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន Huawei និង CATL (CATL ជា​អ្នក​ផលិត​ថ្ម​ផ្ទុក​ថាមពល និង​ជា​អ្នកផ្គត់ផ្គង់​សំខាន់​ដល់ Tesla) ក៏​ចូលរួម​អភិវឌ្ឍ​រថយន្ត​អគ្គិសនី Shenlan SL03 ជាមួយនឹង Changan Automobile ផងដែរ។

Changan Automobile ទទួលបាន​ការបញ្ជាទិញរថយន្ត​អគ្គិសនី Shenlan SL03 ចំនួន​ជាង ១៥,០០០ គ្រឿង បន្ទាប់ពី​ការ​បង្ហាញ​រថយន្ត​នេះ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ Changan Automobile មាន​គម្រោង​ប្រគល់រថយន្ត​ដល់ដៃ​អតិថិជនដំបូងៗនៅ​ចុង​ឆ្នាំនេះ និង​បង្កើន​ការផលិត​ឱ្យបាន ១៥,០០០ គ្រឿង​ជា​រៀងរាល់ខែ៕

Advertisement