NIO មាន​គម្រោង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ១,០០០ កន្លែង​នៅ អឺរ៉ុប

ស្ថានីយប្ដូរថ្មផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុនចិន NIO

ក្រុមហ៊ុន NIO កំពុងតែ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ជួល​ថ្ម​ផ្ទុក​ថាមពល​របស់ខ្លួន​ដោយ​ការពង្រីក​ស្ថានីយ​ប្ដូរ​ថ្ម​នៅ​ពាសពេញ​ទ្វីបអឺរ៉ុប។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ ចិន NIO បានកំណត់​គោលដៅ​សំខាន់​របស់ខ្លួន​នៅ អឺរ៉ុប ក្នុង​ការដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល។ ប្រធាន​ក្រុមហ៊ុន​នេះ ថ្មីៗនេះ​បានឱ្យដឹងថា NIO មាន​គម្រោង​ផ្ដល់​សេវា​ឱ្យ​ជួល​ថ្ម​ផ្ទុក​ថាមពល និង​ពង្រីក​ទំហំ​របស់​ស្ថានីយ​ប្ដូរ​ថ្ម​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​អតិថិជន ក្នុង​បំណង​ដណ្ដើម​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ដែល​កំពុង​រីកចម្រើន​នៅ​បរទេស។

NIO គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់ ចិន ដែល​ជំនាញ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​លំដាប់​គុណភាព​ខ្ពស់ បច្ចុប្បន្នកំពុង​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប។ ក្រៅពី​ការផ្គត់ផ្គង់​រថយន្ត SUV និង សេ​ដានដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ក្រុមហ៊ុន NIO ក៏​នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​គាំទ្រ​ដល់​រថយន្ត​អគ្គិសនី​របស់ខ្លួន។

នៅ ប្រទេស​ចិន NIO មាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ជាង ១,០០០ កន្លែង និង​ចាប់ផ្ដើម​ដាក់ពង្រាយ​នៅក្នុង​ទីផ្សារថ្មីៗបន្ថែមទៀត។

នៅ អឺរ៉ុប NIO បាន​លក់ និង​ចែកចាយ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ន័​រ​វែ​ស និង​ពង្រីក​ទៅកាន់ ប្រទេស​អាល្លឺម៉ង់ នៅក្នុង​ឆ្នាំនេះ។

យោងតាម Reuters ក្រុមហ៊ុន NIO សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ធំជាងគេ​នៅ អឺរ៉ុប ដោយ​ការផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវ​តម្លៃ​ទាប​ជាងគេ តាមរយៈ​កម្មវិធី​ដាក់ឱ្យ​ជួល​ថ្ម​ផ្ទុក​ថាមពល​ដែល​គាំទ្រ​ដោយ​បណ្ដាញ​ស្ថានីយ​ប្ដូរ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​របស់ខ្លួន។

នៅ​ខាងក្រៅ​ប្រទេស​ចិន NIO មាន​គម្រោង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​ឱ្យបាន ១,០០០ កន្លែង​នៅត្រឹម​ឆ្នាំ ២០២៥ ក្នុងនោះ ភាគច្រើន​គឺ​នៅ ទ្វីបអឺរ៉ុប៕

Advertisement