យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រើ​ថាមពលអគ្គិសនី​ទាំង​ស្រុង​ ហោះ​ហើរ​ដោយ​ជោគជ័យ

យោង​តាម CNN យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​អគ្គិសនី​ទាំង​ស្រុង​ បាន​ហោះ​ហើរ​ដោយ​ជោគជ័យ​នៅក្នុង​ជើង​ហោះ​ហើរ​រយៈ​ពេល ៨ នាទី ក្នុង​រយៈ​កម្ពស់​ប្រហែល​ជាង ១,០០០ ម៉ែត្រ​។

ក្រុមហ៊ុន Eviation របស់ អ៊ីស្រាអែល បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​បើកបរ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ទាំង​ស្រុង Alice កាលពី​ថ្ងៃទី ២៧ កញ្ញា​ ដោយ​ហោះឡើងពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុងស្រុក Grant រដ្ឋវ៉ាស៊ីងតោន សហរដ្ឋ​អាម៉េរិក​។ យន្តហោះ​ដែល​មិន​បំភាយ​ឧស្ម័ន​នេះ​ ហោះ​ហើរ​ក្នុង​កម្ពស់ ១,០៦៦ ម៉ែត្រ​ នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ដែល​អូស​បន្លាយ​ពេល​ ៨ នាទី​។

«នេះ​គឺជា​ប្រវត្តិសាស្ត្រ» ប្រធាន​ក្រុមហ៊ុន Eviation លោក Gregory Davis ថ្លែង​ដូច្នេះ និងបន្ថែមថា «យើង​មិន​ធ្លាប់​បាន​ឃើញ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​ម៉ាស៊ីន​លើ​យន្ត​ហោះ​ ចាប់តាំង​ពី​ការ​ប្ដូរ​ពី​ម៉ាស៊ីន​ piston មក​ម៉ាស៊ីន turbine»។

ដោយ​ប្រើ​ប្រាស់ថ្ម​ដែល​មាន​បច្ចេកវិទ្យា​ដូចទៅ​នឹង​ថ្ម​រថយន្តអគ្គិសនី ឬ​ទូរស័ព្ទ និង​ការ​បញ្ចូល​ថាមពល​ត្រឹម​តែ​ ៣០ នាទី យន្តហោះ Alice ដែលដឹក​ភ្ញៀវ​ ៩ នាក់ អាច​ហោះហើរ​បាន​ក្នុង​ ១ ម៉ោង​។ យន្តហោះ​នេះ​មានល្បឿន​ឡើង​ដល់ ៤៦៣ គីឡូម៉ែត្រ​/​ម៉ោង​។ យន្តហោះ Boeing 737 ដំណើរ​ការ​ដោយ​ប្រេងសាំង មាន​ល្បឿន​ ៩៤០ គីឡូម៉ែត្រ​/ម៉ោង​។

ក្រុម​ហ៊ុន​ Eviation ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៥ ហើយ​ផ្ដើម​អភិវឌ្ឍ​យន្តហោះ​អគ្គិសនី Alice តាំង​ពី​ពេល​នោះ​។ ក្រុមហ៊ុន​នេះ​សង្ឃឹមថា ឆ្នាំ​ ២០២៥ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពី សហរដ្ឋ​អាម៉េរិក ហើយ​សាកល្បង​ហោះ​ហើររយៈ​ពេល​ពី ១ ទៅ ២ ឆ្នាំ​ មុន​ពេល​ប្រគល់​ Alice ដល់​ដៃ​អតិថិជន​៕

Advertisement