យន្តហោះ​ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអែរ «ហោះ​ពី ញូវយ៉ក ទៅ​​ សិង្ហបុរី» ចំណាយ​ពេល​តែ​ជាង​ ៣ ម៉ោង​ប៉ុណ្ណោះ

អ្នករចនាម៉ូដ​​​ជនជាតិ​អេស្ប៉ាញ បាន​បង្ហាញ​គំនិត (concept) ស្ដីពីយន្តហោះ​ល្បឿន​មហា​លឿន​ គឺ​លឿន​ជាង​ទ្វេដង ធៀប​នឹង​កំពូល​យន្តហោះ Concorde និង​អាច​ដឹក​អ្នកដំណើរ​បាន​ ១៧០ នាក់​។

ការ​ហោះ​ហើរ​ពី​ ក្រុង​ឡុងដ៍​ របស់ អង់គ្លេស ទៅ​កាន់ ញូវយ៉ក របស់ សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយ​ពេល​តែ ៨០ នាទី អាច​ក្លាយ​ជា​ការ​ពិតនាពេល​អនាគត​ ដោយ​ប្រើប្រាស់ Hyper Sting ដែល​ជា​គំនិត​ស្ដីពី​យន្តហោះ​ល្បឿន​មហា​លឿន​ ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអែរ​ នេះ​បើ​តាម​សារព័ត៌មាន Sun ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២៩ កញ្ញា​។

Hyper Sting គឺជា​គំនិត​របស់​អ្នក​រចនា​ជនជាតិ​អេស្ប៉ាញ Oscar Vinals។ លោក Oscar ឱ្យ​ដឹង​ថា យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​ធម្មតា​ប្រហែល ៤ ពាន់​គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង​ និង​ល្បឿន​អតិបរមា​ ៤,២៨៧ គីឡូម៉ែត្រ​/ម៉ោង​ លឿន​ជាង​ ៣ ដង​ធៀប​នឹង​ល្បឿន​របស់សំឡេង​ និង​លឿន​ជាង​ទ្វេដង​ធៀប​នឹង​កំពូល​យន្តហោះ​ Concorde របស់ អង់គ្លេស និង​បារាំង​។

Hyper Sting មាន​រូបរាង​ធំជាង​ឆ្ងាយ​ធៀប​នឹង Concorde និង​អាច​ដឹក​អ្នក​ដំណើរ​បាន ១៧០ នាក់​។ យន្តហោះ​ក្នុង​ក្ដី​ស្រមៃ​នេះមាន​បណ្ដោយ​ដងខ្លួនប្រវែង ១០០ ម៉ែត្រ និង​ស្លាប​ប្រវែង ៥២​ ម៉ែត្រ​។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអែរ​មួយគ្រឿង​ ជា​ប្រភព​ថាមពល​​សម្រាប់​ម៉ាស៊ីន​ជំនាន់​ថ្មី​ចំនួន ៦ របស់វា​។

លោក Oscar Vinals និយាយ​ថា Hyper Sting គឺជា​គំនិត​ថ្មី​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នា​ពេល​អនាគត។

ជើងហោះ​ហើរ​ពាណិជ្ជកម្ម​ដែល​វែង​បំផុត​ក្នុង​ពិភពលោក​នា​បច្ចុប្បន្នគឺ ១៥,៣៤៨ គីឡូម៉ែត្រ ពី ញូវយ៉ក ទៅ​កាន់​ សិង្ហបុរី ដោយ​ចំណាយ​ពេលប្រហែល ១៩ ម៉ោង​ ប៉ុន្តែ Hyper Sting អាច​ហោះ​បាន​ចម្ងាយ​​នេះ​ដោយ​ប្រើ​ពេល​តែ​ ៣ ម៉ោង​ និង​ ៤០ នាទី​ប៉ុណ្ណោះ៕

Advertisement