រ៉ូបូត​ជើង​ពីរ​ដែល​រត់​បាន​លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​

រ៉ូបូត Cassie បង្កើត​បាន​កំណត់​ត្រា​ពិភពលោក​ Guinness ស្ដី​ពី​​រ៉ូបូត​ជើង​ពីរ​ដែល​រត់​លឿន​ជាង​គេ​ក្នុង​រយៈ​ចម្ងាយ ១០០ ម៉ែត្រ​ ដែលនេះ​គឺជា​ស្នាដៃ​ដ៏​អស្ចារ្យ​។

Cassie គឺជា​​រ៉ូបូត​របស់ Agility Robotics ដែលជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​សាកល​វិទ្យា​ល័យ Oregon ​ត្រូវ​បាន​បង្ហាញ​កាលពី​ឆ្នាំ​ ២០១៧។ កាលពី​ឆ្នាំ​ ២០២១ Cassie ចំណាយ​ពេល​តែ​ជាង​ ៥៣ នាទី​ប៉ុណ្ណោះ​ ក្នុង​ការ​​រត់​ចម្ងាយ​ ៥ គីឡូម៉ែត្រ​។

Cassie ត្រូវ​បាន​បង្កើត​ឡើងជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ ហើយ​ក្បាល​ជង្គង់​របស់​វា ត្រូវ​បាន​ផលិតឡើង​ដូច​ទៅ​នឹង​សត្វ​អូទ្រីស​ដើម្បី​អាច​រក្សា​លំនឹង​បាន​ល្អ​។ Cassie ស្ថិត​ក្នុង​ចំណោម​រ៉ូបូត​ជើង​ពីរ​ដែល​ចេះ​រត់​ ក្នុង​នោះ​មាន​ដូច​ជា រ៉ូបូត​រាង​មនុស្ស Atlas របស់ Boston Dynamics និង Mabel របស់​សាកល​វិទ្យាល័យ Michigan ជាដើម​។

មុន​នឹង​បង្កើត​បាន​កំណត់​ត្រា​ពិភពលោក Guinness រ៉ូបូត Cassie បាន​ជោគ​ជ័យ​ក្នុង​ការ​រត់​ចម្ងាយ​ ១០០ ម៉ែត្រ ដោយ​ចំណាយ​ពេល ២៤.៧៣ វិនាទី​។ ល្បឿន​នេះ​ យឺត​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​អ្នក​រត់​ប្រណាំង​ឆ្នើម​ជាង​គេ​ក្នុង​ពិភពលោក ដែល​ចំណាយ​ពេល​រត់​មិន​ដល់​ ១០ វិនាទី​។ ក៏ប៉ុន្តែ ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា លទ្ធផល​នេះ​អាច​កែលំអ​បាន​នា​ពេល​ខាង​មុខ៕

Advertisement