កម្ពុជា ប្ដេជ្ញា​ជំរុញឱ្យមាន​រថយន្ត​អគ្គិសនី​យ៉ាងតិច 40% នៅ​ឆ្នាំ 2050

កម្ពុជា ប្ដេជ្ញាចិត្ត​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យបាន​យ៉ាងតិច 40% និង ម៉ូតូ​អគ្គិសនី​យ៉ាងតិច 70% នៅ​ឆ្នាំ 2050 នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

ប្រសាសន៍​ខាងលើ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​លើកឡើង​នៅក្នុង​កម្ម​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Stations) នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី 29 វិច្ឆិកា 2022។

ក្នុង​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មាន​ប្រកាសថា កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ អង្គការសហប្រជាជាតិ ស្ដីពី​ការកាត់បន្ថយ​សកម្មភាព​បំ​ភាយ​ឧស្ម័ន​កាបូន ហើយ កម្ពុជា ប្ដេជ្ញាចិត្ត​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យបាន​យ៉ាងតិច 40% និង ម៉ូតូ​អគ្គិសនី​យ៉ាងតិច 70% នៅ​ឆ្នាំ 2050។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​មូលហេតុធំៗមួយចំនួន​ដែល​ពលរដ្ឋ​គ្រប់រូប​គួរតែ​ងាក​មកប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្នុងនោះ​មានដូចជា ការកាត់បន្ថយ​ការបំពុល​បរិស្ថាន ដែល​ល្អ​សម្រាប់​សុខភាព ការកាត់បន្ថយ​ការចំណាយ​បាន​ច្រើន​ធៀប​នឹង​យានយន្ត​ចំហេះ​ក្នុង​ជាដើម។ ជាង​នេះ កម្ពុជា ក៏​បន្ថយពន្ធ​នាំចូល​រហូតដល់ 50% ផងដែរ សម្រាប់​យានយន្ត​អគ្គិសនី។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ប្រមុខ​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង​ថា ក្នុង​ចម្ងាយ​ផ្លូវ 400 គីឡូម៉ែត្រ​ដូចគ្នា អ្នកជិះរថយន្ត​សាំង​នឹងត្រូវ​ចំណាយ​ប្រាក់​អស់ 60 ដុល្លារ​អាម៉េរិក ខណៈ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​ត្រូវ​ចំណាយ​អស់​តែ 20 ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការចាក់​សាំង និង​ការបញ្ចូល​ថាមពល​អគ្គិសនី។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍​បញ្ជាក់ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​ចុះឈ្មោះ​នៅ កម្ពុជា បច្ចុប្បន្ន​មាន​រហូតដល់ 556 គ្រឿង ច្រើនជាង 11 ដង ធៀប​នឹង 45 គ្រឿង​កាលពី​ឆ្នាំ 2021។ ចំណែក​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​សម្រាប់​យានយន្ត​អគ្គិសនី​វិញ នៅ​ទូទាំងប្រទេស បច្ចុប្បន្ន​មាន 8 កន្លែង ប៉ុន្តែ ក្រសួង​សាធារណការ អះអាងថា ចំនួន​នេះ​នឹង​កើន​ឡើងដល់​រាប់រយ​កន្លែង​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​មាន​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​ចិន BYD និង EV Energytech ។ល។

Advertisement