ការ​​ស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ កំពុង​ត្រូវ​បាន​ណា​សា​​ពិចារណា

បំពង់បង្ហូរអុកស៊ីសែនអាចនឹងត្រូវតភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលរុករកទឹកកករបស់ណាសានៅប៉ូលខាងត្បូងរបស់ព្រះចន្ទ

(សហរដ្ឋ​អាម៉េរិក) – ណា​សា (NASA) កំពុង​ពិចារណា​លើ​ការប្រើប្រាស់​បណ្ដាញ​​បំពង់​បង្ហូរ​អុកស៊ីសែន​​ដើម្បី​នាំ​អុកស៊ីសែន​ទៅកាន់​ទីតាំងផ្សេងៗគ្នា​នៅ​ជុំវិញ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ នៅក្នុង​បេសកកម្ម Artemis បន្ទាប់។

Peter Curreri ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Lunar Resources Inc, បាន​អធិប្បាយ​លំអិត​អំពី​បញ្ហា​ចំពោះ​គម្រោង​ដឹក​អុកស៊ីសែន​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្ត​បច្ចុប្បន្ន​របស់​ណា​សា។ Curreri បញ្ជូន​សំណើ​របស់​ខ្លួន​ទៅ​កាន់​ណាសា សម្រាប់​កម្មវិធី Innovative Advanced Concepts (NIAC) ដែល​អនុវត្ត​ដោយ​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​នេះ។ ក្រុម​របស់លោក Curreri ស្ថិតក្នុង​ចំណោម 14 ក្រុម​ដែល​ទទួលបាន​ថវិកា 175,000 ដុល្លារ ដើម្បី​អភិវឌ្ឍ​​គំនិត​របស់​ពួកគេ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មករា។

បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅក្នុង​សំណើ​ដែលមាន​ឈ្មោះថា Lunar South Pole Oxygen Pipeline (LSPOP) ត​ភ្ជាប់​ជាមួយនឹង​មជ្ឈមណ្ឌល​រុករក​ទឹកកក​របស់​ណា​សា​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ។ ទាំង​សហរដ្ឋ​អាម៉េរិក ចិន និង​រុស្ស៊ី សុទ្ធតែ​ផ្ដោតលើ​តំបន់​នេះ ដោយសារ​តែមាន​ផ្ទុក​ទឹកកក​ជាច្រើន រួម​នឹង​ធនធាន​ដទៃទៀត​នៅ​ខាងក្រោម​ស្រទាប​លើរបស់​ព្រះចន្ទ។ ទឹកកក​នោះ​នឹង​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ព្រោះ​អាច​ចម្រាញ់​ជា​ទឹក​ផឹក​បាន និង​អុកស៊ីសែន​ដើម្បី​ដកដង្ហើម ក៏​ដូច​ជា​ការ​​ធ្វើជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត។

យោងតាម Curreri គម្រោង​ដំបូង​របស់​ពួកគេ​គឺ​ការស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​មួយ​ប្រវែង 5 គីឡូម៉ែត្រ​ដើម្បី​នាំ​អុកស៊ីសែន​ពី​កន្លែង​ផលិត ទៅកាន់​រោងចក្រ​រក្សា​អុកស៊ីសែន​ដែល​នៅក្បែរ​មូលដ្ឋាន​ហោះហើរ​លើ​ព្រះ​ចន្ទ។ បើសិនជា​ត្រូវបាន​ណា​សា​យល់ព្រម​ប្រើ​ប្រាស់​​​គម្រោង LSPOP សម្រាប់​បេសកកម្ម Artemis បំពង់​បង្ហូរ​នេះ​នឹង​ត្រូវបាន​ផលិត​ទៅតាម​ដំណាក់កាល​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ មុនពេល​ដំឡើង​ជា​បណ្ដាញ​ពេញ​លេញ​។ បំពង់​ទាំងនេះ​អាច​ត្រូវបាន​ផលិត​ពី​អា​លុយ​មី​ញូ​ម ដែលជា​វត្ថុ​ធាតុ​មាន​ច្រើន​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ៕

Advertisement