យន្តហោះ​គ្មាន​ស្លាប​កង្ហារ អាច​ហោះ​ក្នុង​ល្បឿន​ជិត 1,000 គី​ឡ​ម៉ែត្រ/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Jetoptera អភិវឌ្ឍ​គំរូ​យន្តហោះ​​ដែល​ហោះ​បាន​លឿន​ជាង​បណ្ដា​យន្តហោះ​ប្រតិកម្ម​រហ័ស​ដឹក​អ្នកដំណើរ​ទៅទៀត ដោយសារ​តែមាន​ស្លាប​យ៉ាង​ពិសេស។

Jetoptera ដែល​ជា​គំរូយន្តហោះ​​ប្រភេទ​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​​ត្រង់ (VTOL) មិនមាន​ស្លាប​កង្ហារ​របស់​ក្រុមហ៊ុន Jetoptera នៅ សហរដ្ឋ​អាម៉េរិក បានបង្ហាញ​សមត្ថភាព​ហោះហើរ​ក្នុង​ល្បឿន 988 គីឡូម៉ែត្រ/ម៉ោង នៅក្នុងពេល​សាកល្បង ដែល​នេះ​គឺ​លឿន​ជាង Boeing Dreamliner និង​លឿន​ជាង​ទ្វេដង​ធៀប​នឹង​យន្តហោះ​មាន​ស្លាប​ផ្អៀង។

ក្រុមហ៊ុន Jetoptera បាន​បញ្ចេញ​ព័ត៌មាន​ខាងលើ​បន្ទាប់ពី​បានសម្រេច​កិច្ចព្រមព្រៀង​ស្ដីពី​ការស្រាវជ្រាវ​ច្នៃប្រឌិត​អាជីវកម្ម​ខ្នាតតូច (SBIR) លើក​ទី​បួន​ជាមួយនឹង​ទ័ពអាកាស​អាម៉េរិក នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មករា។

ជំនួស​ឱ្យ​ការប្រើប្រាស់​ម៉ាស៊ីន​បង្ហាប់​អគ្គិសនី Jetoptera ប្រើប្រាស់​ទួ​រ​ប៊ី​ន​ឧស្ម័ន នាំ​ឧស្ម័ន​ដែល​បំ​ភាយ​ចេញ​តាមរយៈ​ប្រព័ន្ធ​រុញច្រាន​ធាតុ​រាវ (FPS)។ ខ្យល់​ដែល​បាន​បង្ហាប់​ត្រូវបាន​នាំចេញ​តាម​ប្រហោងតូចៗនៅ​ជុំវិញ​ផ្ទៃ​ខាងក្នុង​របស់​ឧបករណ៍​ប្រហោង​ក្នុង។ យោងតាម Jetoptera ប្រព័ន្ធ​នេះ​ផ្ដល់​កម្លាំង​រុញច្រាន​ខ្លាំង​ជាង 10% និង​ប្រើប្រាស់​ឧស្ម័ន​តិចជាង 50% ធៀប​នឹង​ម៉ូ​ទ័​រ​ទួ​រ​ប៊ី​ន​ប្រតិកម្ម​ខ្នាតតូច។ បើ​ធៀប​នឹង​ម៉ូ​ទ័​រ​ទួ​រ​ប៊ី​ន​ប្រតិកម្ម​មាន​ស្លាប​កង្ហារ ប្រព័ន្ធ​របស់ Jetoptera ស្រាល​ជាង 30% និង​មិនសូវ​ស្មុគស្មាញ។ គ្រឿង​ម៉ាស៊ីន​របស់ Jetoptera ក៏មាន​ស្ងាត់​​ជាង​រហូតដល់ 25% ធៀប​នឹង​ម៉ាស៊ីន​រុញច្រាន​ដែលមាន​ទំហំ​ប្រហាក់ប្រហែល។

Jetoptera បានឱ្យដឹងថា ក្រុមហ៊ុន​បាន​បង្កើត​គំរូយន្តហោះ​​ខ្នាតតូច​របស់​យន្តហោះ​ខាងលើ​ នៅ​​ក្នុង​កម្មវិធី AFWERX HSVTOL។ កម្មវិធី​នេះ​មាន​ក្រុមហ៊ុន​ចំនួន 11 ចូលរួម​រចនា​យន្តហោះ​យោធា VTOL ជំនាន់​ថ្មី​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​យន្តហោះ​ដែល​មាន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។ គំរូ​យន្តហោះ​ខ្នាតតូច​របស់ Jetoptera កំពុង​ត្រូវបាន​សាកល្បង​នៅក្នុង​ផ្លូវ​រូង​ខ្យល់​ក្រោម​ដី និង​មាន​ល្បឿន​ឡើង​ដល់​កម្រិត Mach 0.8 (988 គីឡូម៉ែត្រ/ម៉ោង)។

រចនា​រូបរាង​របស់​យន្តហោះ​ខាងលើ​នឹង​ត្រូវបាន​វាយតម្លៃ​ក្នុង​រង្វង់ 6 ខែ​ទៀត។ ក្រុមហ៊ុន Jetoptera សង្ឃឹមថា នឹង​អាច​ដំណើរការ​កំណែ​សាកល្បង​នៅក្នុង​ឆ្នាំ 2025៕

Advertisement