​រថយន្ត​អគ្គិសនី Tesla Cybertruck បានត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ផលិត

Franz von Holzhausen ដែលជា​ប្រធាន​ផ្នែក​រចនា​របស់ Tesla បាន​បញ្ជាក់ថា រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង (pickup) Tesla Cybertruck ត្រូវបាន​រចនា​រួចរាល់ទាំង​ស្រុង​ហើយ​​សម្រាប់​ការផលិត​នៅឯ​រោងចក្រ Giga Texas ក្នុងឆ្នាំនេះ។

ដោយមាន​ការបញ្ជាទិញ​ជាមុន​ជាង 1.6 លាន​លើក Cybertruck គឺជា​យានយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ដែល​ត្រូវបាន​សាធារណជន​ទន្ទឹងរង់ចាំ​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក។ យោងតាម Franz von Holzhausen រថយន្ត​អគ្គិសនី Tesla Cybertruck នឹងត្រូវ​បាន​បំពាក់​ដៃចង្កូត​រាងជ្រុងៗដូច​មេអំពៅ។

Tesla បានទទួល​ម៉ាស៊ីន​កៀប Giga 9,000 តោន ដែល​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី Tesla Cybertruck។ ប្រការ​​នេះ​បង្ហាញថា ការផលិត​នឹង​ចាប់ផ្ដើម​ក្នុងពេលឆាប់ៗនេះ ទំនងជា​នៅក្នុង​ខែមិថុនា 2023 ក្រោយពី​បាន​ពន្យារពេល​អស់​ជាច្រើនលើក។

Cybertruck នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Tesla ដែលមាន​ប្រព័ន្ធ​អគ្គិសនី 1,000 វ៉ុល អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​បាន​លឿន​ជាង​បច្ចុប្បន្ន។ រយៈ​ចម្ងាយ​មធ្យម​ដែល Tesla Cybertruck បរបាន​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​គឺ 800 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា EPA៕

Advertisement