ប្រព័ន្ធ​រុញច្រាន​ទម្រង់​​ថ្មី ជួយ​ឱ្យ​យានអវកាស​ហោះ​ដល់​ភព​អង្គារ​ក្នុង​រយៈពេល 45 ថ្ងៃ

រូបភាព​បង្ហាញ​ពី​ប្រព័ន្ធ​រ៉ុក្កែត​អវកាស​ប្រើ​កម្លាំង​នុយក្លេអែរ​របស់​ណាសា

(សហរដ្ឋ​អាម៉េរិក) -ណា​សា (NASA) ផ្ដល់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​​បច្ចេកវិទ្យា​តាម​គំនិត​ស្ដីពី​ការប្រើប្រាស់​ប្រព័ន្ធ​រុញច្រាន​នុយ​ក្លេ​អែរ​ដើម្បី​ដឹក​មនុស្ស​ទៅកាន់​ពិភព​ព្រះ​អង្គារ​ដោយ​ប្រើពេល​តែ 45 ថ្ងៃ ជំនួស​ឱ្យ​ពី 6 ខែ​ដល់ 9 ខែ​ដូច​បច្ចុប្បន្ន។

យោងតាម​ណា​សា គំនិត​ស្ដីពី​ប្រព័ន្ធ​រុញច្រាន​ដោយ​ប្រើ​ថាមពល​អគ្គិសនី​បាន​ពី​​នុយ​ក្លេ​អែរ និង​កម្ដៅ​នុយ​ក្លេ​អែរ (NTP/NEP) គឺជា​ប្រភេទ​ប្រព័ន្ធ​រុញច្រាន​ដោយ​កម្លាំង​នុយ​ក្លេ​អែរ​ថ្មី​ដែល​ប្រើប្រាស់​វដ្ដ​នៃ​រ៉ូ​ទ័​រ​ទម្រង់​រលក។ សាស្ត្រាចារ្យ Ryan Gosses មកពី​សាកលវិទ្យាល័យ Florida ដែលជា​អ្នកវិទ្យាសាស្ត្រ​នៅ​ពីក្រោយ​សំណើ​ខាងលើ បានឱ្យដឹងថា ប្រព័ន្ធ​នេះ​អាច​កាត់បន្ថយ​ការ​ពេល​ហោះ​ទៅកាន់​ពិភព​អង្គារ​ចុះមក​នៅត្រឹម 45 ថ្ងៃ។ បើសិនជា​បច្ចេកវិទ្យា​នេះ​ដំណើរការ​ដូច​បានគ្រោង​ទុក វា​នឹង​ជួយ​ឱ្យ​ការធ្វើដំណើរ​ពី​ភព​មួយ​ទៅ​ភព​មួយ​បាន​ឆាប់រហ័ស និង​សុវត្ថិភាព។

ខាងលើនេះ​គឺជា​សំណើ​មួយ​ក្នុងចំណោម 14 ដែល​ត្រូវបាន​កម្មវិធី Innovative Advanced Concepts (NIAC) របស់​ណា​សា ​ជ្រើសរើស​សម្រាប់​ការអភិវឌ្ឍ​ដំណាក់កាល​ទីមួយ និង​ទទួលបាន​ថវិកា 12,500 ដុល្លារ​អាម៉េរិក ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ។

ឧបករណ៍​រុញច្រាន​ដោយ​កម្ដៅ​នុយ​ក្លេ​អែរ (NTP) របស់ សាស្ត្រាចារ្យ Ryan Gosses ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដើម្បី​ដុត​កម្ដៅ​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ ធ្វើឱ្យ​វា​ក្លាយជា​ផ្លា​ស្មា និង​ត្រូវបាន​បញ្ចេញ​មក​ក្រៅ​ដើម្បី​បង្កើតជា​កម្លាំង​រុញច្រាន។ ចំណែក​ឧបករណ៍​រុញច្រាន​ដោយ​អគ្គិសនី​នុយ​ក្លេ​អែរ (NEP) វិញ ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដើម្បី​ផ្ដល់​កម្លាំង​រុញច្រាន​ដោយ​ថាមពល​អគ្គិសនី។

លោក Ryan Gosses ក៏​ស្នើឱ្យ​ប្រើប្រាស់​រ៉ូ​ទ័​រ​ទម្រង់​រលក (WR) ដើម្បី​បង្ហាប់​បរិមាណនៃ​​ប្រតិកម្ម​ក្រោម​សម្ពាធ​ដែល​ផលិត​ពី​​កម្ដៅ​របស់​ឥន្ធនៈ​អ៊ីដ្រូសែន​រាវ​នៅក្នុង​ម៉ាស៊ីន​ប្រតិកម្ម​ផងដែរ។ ការ​រួមផ្សំ​ជាមួយនឹង​វដ្ដ NEP នឹង​បង្កើតបាន​កម្លាំង​រុញច្រាន​កាន់តែខ្លាំង​ជាង​មុន។

ការប្រើប្រាស់​បច្ចេកវិទ្យា​ដូច​បច្ចុប្បន្ន ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​ពិភព​អង្គារ​អាច​អូសបន្លាយ​ពេល​ពី 6 ដល់ 9 ខែ។ ដូច្នេះ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដែល​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ខាងលើ​មក​នៅត្រឹម 45 ថ្ងៃ​គឺជា​រឿង​ដ៏​អស្ចារ្យ៕

Advertisement