យន្តហោះ​ប្រើ «​ម៉ាស៊ីនអ៊ីដ្រូសែន​» ធំជាងគេ​លើ​ពិភពលោក ហោះហើរ​ជា​លើកដំបូង

យន្តហោះ Dornier 228 មាន​កៅអី​ចំនួន 19 របស់​ក្រុមហ៊ុន ZeroAvia ធ្វើការ​ហោះហើរ​សាកល្បង​ដំបូង​នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 20 មករា 2023។

ការហោះហើរ​សាកល្បង​នេះ​ជួយ​ឱ្យគេ​ដឹង​ពី​ស្ថានភាព​បច្ចេកវិទ្យា​អាកាសចរណ៍​ស្អាត​របស់ ZeroAvia ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីដ្រូសែន-អគ្គិសនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល ហើយ​គ្រោង​នឹង​សុំ​អាជ្ញាប័ណ្ណ និង​ហោះហើរ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ 2025។

បន្ទាប់ពី​ត្រូវបាន​ប្រកាស​កាលពី​ឆ្នាំ 2021 កម្មវិធី HyFlyer II បន្ត​ការប្រឹងប្រែង​របស់ ZeroAvia ក្នុង​បំណង​បញ្ជាក់ថា អ៊ីដ្រូសែន គឺជា​អនាគត​របស់​វិស័យ​អាកាសចរណ៍។ កម្មវិធី HyFlyer បានចាប់ផ្ដើម​ដំបូង​ដោយ​ការហោះហើរ​របស់​យន្តហោះ 6 កៅអី កាលពី​ឆ្នាំ 2020។ នោះ​គឺជា​យន្តហោះ​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​ធំជាងគេ​ដែល​ធ្លាប់​ហោះហើរ​នៅពេលនោះ។ បច្ចុប្បន្ន យន្តហោះ​គំរូ​នេះ​​ ​ហោះហើរ​បាន​ជាង 30 ជើង​រួចហើយ។

កាលពី​ឆ្នាំ 2021 យន្តហោះ​មួយគ្រឿង​មាន​កៅអី 2 របស់​ក្រុមហ៊ុន​ខាងលើ​បាន​ជួប​បញ្ហា ប៉ុន្តែ​មិនមែន​ដោយ​សារ​ប្រព័ន្ធ​ដែល​ទាក់ទិន​នឹង​អ៊ីដ្រូសែន​ឡើយ។ មួយ​ក្នុងចំណោម​យន្តហោះ​គំរូ 9 កៅអី​របស់ ZeroAvia បាន​ឈាន​ចូលដល់​ដំណាក់កាល​សាកល្បង​ជា​លើកដំបូង។ ZeroAvia បំពាក់​ម៉ាស៊ីន​ចំហេះ​ក្នុង Honeywell TPE-331 នៅ​ស្លាប​ខាងស្ដាំ​ង និង​ម៉ូ​ទ័​រ​អគ្គិសនី 600 គីឡូវ៉ាត់​នៅ​ស្លាប​ខាងឆ្វេង។

ZeroAvia សង្ឃឹមថា ពួកគេ​នឹង​អាចដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​នៅ​ចុង​ឆ្នាំនេះ ហើយ​ថា​ប្រព័ន្ធ​រុញ​ច្រាន​ 600 គីឡូវ៉ាត់​នេះ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ និង​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​លើ​យន្តហោះ 9-19 កៅអី​នៅ​ឆ្នាំ 2025។

យន្តហោះ Dornier 228 មាន​កៅអី​ចំនួន 19 របស់​ក្រុមហ៊ុន ZeroAvia ធ្វើការ​ហោះហើរ​សាកល្បង​ដំបូង​នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 20 មករា 2023

សូម​បញ្ជាក់ថា «អ៊ីដ្រូសែន​គឺជា​ថាមពលបៃតង» ពីព្រោះថា ម៉ូ​ទ័​រ​ដែល​ប្រើ​ថាមពល​អ៊ីដ្រូសែន​បញ្ចេញ​កាកសំណល់​មកវិញ​ជា​ចំហាយ​ទឹក​សុទ្ធសាធ ដោយ​មិន​បំ​ភាយ​ឧស្ម័ន​កាបូន​ដូចជា​ថាមពល​ហ្វូ​ស៊ី​ល នេះ​បើសិន​មិន​និយាយ​ដល់​ដំណាក់កាល​ផលិត​អ៊ីដ្រូសែន៕

Advertisement