Pioneering Spirit គឺ​ជា​កប៉ាល់​សាងសង់​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

កប៉ាល់​យក្ស Pioneering Spirit មាន​កម្ពស់​ស្មើនឹង​អគារ 30 ជាន់ និងធំ​ជាង​តួ Eiffel អាច​រុះរើ​ប្រព័ន្ធ​ខួងអណ្ដូង​ប្រេង​ទាំងមូល​នៅលើ​សមុទ្រ។

Pioneering Spirit គឺជា​កប៉ាល់​សាងសង់​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ ប្រការ​មួយ​ក្នុងចំណោម​ប្រការ​ដ៏​គួរ​ចាប់អារម្មណ៍​បំផុត​របស់​វា នោះ​គឺ​សមត្ថភាព​ក្នុង​ការរុះរើ​ប្រព័ន្ធ​ខួងអណ្ដូង​ប្រេង​ទាំងមូល​នៅលើ​សមុទ្រ។

កប៉ាល់​ខ្នាត​យក្ស​នេះ​ អាច​កាត់​ផ្ដាច់​​ជើង​ដែកថែប​របស់​ប្រព័ន្ធ​ខួរ​អណ្ដូងប្រេង​លើ​សមុទ្រ និង​លើក​ប្រព័ន្ធ​ខួរ​ទាំងមូល​ចេញពី​បាតសមុទ្រ ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ស្ទូច​កម្លាំង​ខ្លាំង និង​បច្ចេកវិទ្យា​កាត់​ទំនើប។

ខាងលើនេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​បរិមាណ​នៃ​បំណែក​របស់​ប្រព័ន្ធ​ខួង​ដែល​ធ្លាក់​ទៅ​ក្រោម​ទឹកសមុទ្រ​នោះទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែលនាំឱ្យ​ខូច​បរិស្ថាន​ផងដែរ។ ក្រៅពី​សមត្ថភាព​ខាងលើ កប៉ាល់ Pioneering Spirit ក៏​ថែមទាំង​អាច​ដំឡើង​បណ្ដាញ​បំពង់​នានា​នៅ​បាតសមុទ្រ​ទៀតផង។

Pioneering Spirit មាន​បណ្ដោយ 382 ម៉ែត្រ និង​ទទឹង 124 ម៉ែត្រ ក្នុងនោះ​ផ្នែក​ដែលមាន​ចន្លោះ​មាន​បណ្ដោយ 122 ម៉ែត្រ និង​ទទឹង 59 ម៉ែត្រ ធ្វើឱ្យវា​​ធំ​ជាង​ពីរដង​ធៀប​នឹង​កប៉ាល់​ដឹក​ប្រេង។

កប៉ាល់​យក្ស Pioneering Spirit មាន​កម្ពស់​ស្មើនឹង​អគារ 30 ជាន់ និង​ធំ​ជាង​តួ Eiffel។ កប៉ាល់​នេះ​ប្រៀបបាន​ទៅនឹង​កូនភ្លោះ​​មួយ​គូ​ដែល​មាន​រាង​​កាយ​ជាប់​គ្នា និង​អាចធ្វើ​ដំណើរ​ដោយ​កម្លាំង​ម៉ាស៊ីន​ផ្ទាល់ខ្លួនក្នុង​ល្បឿន 26 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យ​វា​អាចធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​នៅលើ​សមុទ្រ​អន្តរជាតិ៕

 

Advertisement