ប្រទេស​ចិន​ដំណើរការ​រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរក្នុង​ក្រុង ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង

រថភ្លើង​អ៊ីដ្រូសែន​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដឹក​អ្នកដំណើរ​ក្នុង​ទីក្រុង ត្រូវបាន​នាំចេញ​ពី​រោងចក្រ​ដំឡើង​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​ថ្ងៃទី 18 មករា 2023។

ក្រុមហ៊ុន​ផ្លូវដែក​ចិន (CRRC) និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu បាន​សហការគ្នា​អភិវឌ្ឍ​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​អ៊ីដ្រូសែន​ជា​ឥន្ធនៈ​ដំបូង​គេ​នៅ​ប្រទេស​ចិន។ រថភ្លើង​នេះ​អាចធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ 600 គីឡូម៉ែត្រ និង​មិន​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​ប្រើប្រាស់​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ប្រព័ន្ធ​ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ ( Super-capacitor – បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស)។

រថភ្លើង​នេះ​មាន​មុខងារ​បើកបរ​ស្វ័យប្រវត្ត ទំនាក់ទំនង​ដោយ​ប្រព័ន្ធ 5G ចេញដំណើរ/ឈប់ និង​ត្រលប់​ទៅ​កន្លែង​ប្រមូលផ្ដុំ​គ្នា​ដោយ​ស្វ័យប្រវត្ត។

រថភ្លើង​អ៊ីដ្រូសែន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង Fuxing ដែលជា​រថភ្លើង​មាន​ក្បាល​ដូច​គ្រាប់កាំភ្លើង​ដែល CRRC ដំណើរការ​តាំងពី​ឆ្នាំ 2017 និង​មាន​ល្បឿន 350 គីឡូម៉ែត្រ/ម៉ោង។

អ៊ីដ្រូសែន​ត្រូវបាន​ចាត់ទុកថា​ជា​ថាមពល​ស្អាត ដោយសារតែ​បញ្ចេញ​តែ​ចំហាយ​ទឹក​ប៉ុណ្ណោះ​នៅពេល​រត់ ឬ​បញ្ឆេះ​ម៉ាស៊ីន។ អ៊ីដ្រូសែន​អាច​ត្រូវបាន​ផលិតឡើង​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ មាន​ជាអាទិ៍ ខ្ស​ល់ កម្ដៅ​ព្រះអាទិត្យ និង​វា​រី​អគ្គិសនី​ជាដើម។

សម្រាប់​រថភ្លើង​ដែល​ដើរ​ដោយ​អ៊ីដ្រូសែន ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី​របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​បង្កើតបានជា​ថាមពល​ក្នុង​ថ្ម​ឥន្ធនៈ​អ៊ីដ្រូសែន។ ដំណើរការ​នៃ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមីនេះ​​មាន​ភាព​ស្ងាត់​ល្អ និង​ស្ថិរភាព។

ក្រុម​អ្នកជំនាញ​គណនា​ឃើញថា រថភ្លើង​អ៊ីដ្រូសែន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង រត់ 500 គីឡូម៉ែត្រ/ថ្ងៃ​អាច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 10,000 គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ។ ជាង​នេះ រថភ្លើង​នេះ​ក៏​មិន​ត្រូវការ​ការវិនិយោគ​ច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការថែទាំ​នោះដែរ៕

Advertisement