រ៉ូ​បូត​រឹងអាច​​ប្រែកាយ​​ជា​ធាតុ​រាវ រួច​ «ហែក​គុក» បាន​ មុន​ពេល​កាឡា​ខ្លួន​​ជា​រូប​រាង​ដើម

ក្នុងការ​ពិសោធ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ប្រើប្រាស់​ដែក​ឆក់​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ទៅជា​ធាតុ​រាវ ហូរ​ឆ្លងកាត់​ចម្រឹង​ដែក​មក​ខាងក្រៅ រួច​កក​ទៅជា​រឹង​ដើម្បី​ត្រលប់​ទៅរក​រូបរាង​ដើម។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្កើតបាន​រ៉ូ​បូត​តូច​មួយ​ដែល​អាច​រំលាយ​ខ្លួន​​ទៅជា​ធាតុ​រាវ រួចហើយ​កក​រឹង​មកវិញ​ទៅតាម​បញ្ជា ជួយ​ឱ្យ​វា​ងាយស្រួល​ចាក​ផុតពី​ទី​ចង្អៀត។ ដើម្បី​ច្នៃ​ជា​រ៉ូ​បូត​ប្រែកាយ​នេះ ពួកគេ​ជ្រលក់​បន្ទះ​ដែក បូ​រ៉ុង (boron) និង​មេដែកនី​អូ​ឌី​ម​ដ៏​តូច​ទៅក្នុង​កា​ល្យូ​ម (gallium) រាវ ជា​លោហធាតុ​ដែល​រលាយ​ក្នុង​សីតុណ្ហភាព​ទាប និង​ទុកឱ្យ​វា​កក​មកវិញ។ លទ្ធផល​នៃ​ការពិសោធ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Matter កាលពី​ថ្ងៃទី 25 មករា។

សមត្ថភាព​ក្នុងការ​ប្រែ​រូប​ជួយ​ឱ្យ​រ៉ូ​បូត​នេះ​ក្លាយជា​អ្នក «ហែក​គុក» ដ៏​ឆ្នើម។ អ្នកជំនាញ​ប្រើប្រាស់​មេដែក​ដើម្បី «ចេញ​បញ្ជា» ឱ្យ​រ៉ូ​បូត​រំលាយខ្លួន​ជា​ធាតុ​រាវ​ដើម្បី​ហូរ​តាម​ចន្លោះ​ចម្រឹង​ដែក​របស់​ទ្រុង ហើយ​ក្រោយ​មកវា​ប្រែកាយ​ទៅជា​រូបរាង​ដើម​នៅ​ខាងក្រៅ​ទ្រុង​នោះ។

រ៉ូបូតរលាយទៅជាធាតុរាវ ហូរឆ្លងកាត់ចម្រឹងដែកមកខាងក្រៅ រួចកកទៅជារឹងដើម្បីត្រលប់ទៅរករូបរាងដើម

ដើម្បី​ធ្វើឱ្យ​រ៉ូ​បូត​រលាយ​ជា​ធាតុ​រាវ អ្នកវិទ្យាសាស្ត្រ​កម្ដៅ​វា​តាមរយៈ​យន្តការ​អាំង​ឌុ​ច​ស្យុ​ង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ដោយ​ប្រើប្រាស់​មេដែក​បង្កើតជា​ចរន្តអគ្គិសនី​ខាងក្នុង​រ៉ូ​បូត។ ចរន្តអគ្គិសនី​ដុត​រំលាយ​កា​ល្យូ​ម ហើយ​គ្រាប់​ម៉ាញេ​ទិច​អណ្ដែត​ខាងក្នុង ធ្វើឱ្យ​រ៉ូ​បូត​ត្រូវ​ឆក់​ទៅខាង​មេដែក។

រ៉ូ​បូត​ថ្មី​នេះ​ត្រូវបាន​យក​លំនាំ​តាម Sea cucumber (សត្វ​ត្រសក់​សមុទ្រ) ដែលមាន​សមត្ថភាព​ប្រែកាយ​ពី​រឹង​ទៅ​ទន់​ដើម្បី​ការពារ​ខ្លួន។

ក្រុម​អ្នកជំនាញ​យល់ថា រ៉ូ​បូត​នេះ​អាច​ប្រើប្រាស់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​សុខាភិបាល។ មកដល់ពេលនេះ វា​បាន​ឆ្លងកាត់​ការពិសោធ​ជាច្រើន​មកហើយ រួមមាន​ដូចជា​ ការជួស​ជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​ការផ្លាស់​ទី​ទៅដល់​គោល​ដី រួច​ប្រែ​រូប​ទៅជា​វត្ថុ​ធាតុ​សម្រាប់​ផ្សារភ្ជាប់ ការរំលាយ​ខ្លួន​ទៅជា​វី​ស និង​​ខ្ចៅ និង​ការយក​វត្ថុ​ចម្លែក​ចេញពី​ក្រពះ​ជាដើម៕

Advertisement