យន្តហោះ «កូនកាត់​អគ្គិសនី» ​គ្មាន​មនុស្ស​បើកបរ​ មាន​ល្បឿន​ដល់​ 240 គីឡូម៉ែត្រ/ម៉ោង

យន្តហោះ Cento អាច​ផ្ទុកទំនិញ​បាន 45 គីឡូក្រាម និង​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន hybrid ដ៏​មាន​ស្ថិរភាព។

ក្រុមហ៊ុន​អាម៉េរិក MightyFly អភិវឌ្ឍ Cento ដែលជា​យន្តហោះ​ដឹកទំនិញ​គ្មាន​មនុស្ស​បើកបរ មាន​គ្រោងឆ្អឹង​ធ្វើ​ពីសរ​សៃ​កាបូន នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មករា។ Cento មាន​ទម្ងន់ 161 គីឡូក្រាម និង​អាច​ដឹកទំនិញ​បាន 45 គីឡូក្រាម។ យន្តហោះ​នេះ​មាន​ស្លាប​វែង​ចំនួន 2, ស្លាប​កង្ហារ​ចំនួន 8 បំពាក់​លើ​ឧបករណ៍​មួយគូ​ដែល​ដូច​ទៅនឹង​ឈ្នាន់​ឧទ្ធម្ភាគចក្រ និង​ស្លាប​កង្ហារ​ធំ​មួយ​នៅ​ខាងក្រោយ​ដើម្បី​រុញច្រាន​ឱ្យ​ហោះ​ទៅមុខ​បាន​លឿន។ Cento អាច​ហោះ​ក្នុង​ល្បឿន​អតិបរមា 240 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ឆ្ងាយ​ធៀប​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​គោក។

យន្តហោះ​នេះ អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន hybrid ដ៏​មាន​ស្ថិរភាព។ ម៉ាស៊ីន​រុញច្រាន​ទាំង​អស់​​របស់ Cento ដំណើរការ​ដោយ​អគ្គិសនី ប៉ុន្តែ​មាន​ម៉ាស៊ីន​ចំហេះ​ក្នុង​មួយគ្រឿង​ដែល​ដើរ​ដោយ​ថាមពល អ៊ី​ដ្រូ​កាបូន (hydrocarbon) ដើម្បី​រក្សា​​អគ្គិសនី​​ក្នុង​ថ្ម​ផ្ទុក​ថាមពល​ឱ្យនៅ​ពេញ​ក្នុងអំឡុងពេល​ហោះហើរ។

Cento មាន​ទំហំ 4 ម x 5 ម តូច​ជាង​បន្តិច​ធៀប​នឹង​រថយន្ត​ពីរ​គ្រឿង។ ដូច្នេះ នៅពេល​យន្តហោះ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ អតិថិជន​ត្រូវការ​តែ​ចំណត​តូច​មួយ​ដើម្បី​ទទួល​ទំនិញ។ ម្ចាស់​ទំនិញ​​ក៏​នឹង​មិនចាំបាច់​បើកទ្វារ​យន្តហោះ​ដោយ​ខ្លួនឯង ព្រោះថា Cento នឹង​បំពាក់​ប្រព័ន្ធ​ទ្វារ​បើក​បិទ​ស្វ័យប្រវត្ត​ដើម្បី​ជួយ​ឱ្យ​ការលើកដាក់​ទំនិញ​មាន​ភាពងាយស្រួល។

ក្រុមហ៊ុន MightyFly បានឱ្យដឹងថា Cento បានចាប់ផ្ដើម​សាកល្បង​ហោះហើរ​តាំងពី​ខែធ្នូ 2022។ រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក (FAA) បានផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​ការហោះហើរ​សាកល្បង ប៉ុន្តែ​មិនទាន់​អនុញ្ញាត​ឱ្យដឹក​ទំនិញ​បែប​ពាណិជ្ជកម្ម។

MightyFly មិនទាន់​ប្រកាស​​ពេលវេលា​ដែល Cento នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ពាណិជ្ជកម្មនៅ​ឡើយ។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​អភិវឌ្ឍ​យន្តហោះ​មួយ​ប្រភេទ​ទៀត​ដែល​អាច​ដឹកទំនិញ​ឡើងដល់ 227 គីឡូក្រាម៕

Advertisement