យន្តហោះ Hybrid ​កូនកាត់​ឧទ្ធម្ភាគចក្រ​ អាច​ហោះ​បាន​ជិត 1,000 គីឡូ​ម៉ែត្រ/ជើង

(អង់គ្លេស) – ក្រុមហ៊ុន Arc Aero Systems បានបង្ហាញ​យន្តហោះ​កូនកាត់​ឧទ្ធម្ភាគចក្រ Linx P9 ដែលនឹង​អាច​​យកឈ្នះ​លើ​បណ្ដា​ឧទ្ធម្ភាគចក្រ​ដែលមាន​ទំហំ​ប្រហាក់​​ប្រហែល​គ្នា ទាក់ទង​នឹងល្បឿន ​រយៈ​ចម្ងាយ​ និង​ការ​ចំណាយ​នៅ​​ក្នុង​​​ការ​ហោះ​ហើរ។

គ្រោងឆ្អឹង​របស់ Linx P9 គឺជា​ការរួម​ផ្សំ​រវាង​យន្តហោះ​ធម្មតា ឧទ្ធម្ភាគចក្រ​ធម្មតា និង​ឧទ្ធម្ភាគចក្រ​មាន​ស្លាប​ហោះ​ឡើង​ដោយ​សេរី។ រចនា​រូបរាង​ចម្រុះ​នេះ​មាន​ទម្ងន់​តែ 1,930 គីឡូក្រាម​ប៉ុណ្ណោះ។ Linx P9 មាន​កៅអី​ចំនួន 9, ស្លាប​ប្រវែង 12.6 ម៉ែត្រ, ស្លាប​កង្ហារ​រុញច្រាន​មួយគូ​នៅ​ផ្នែក​ខាងក្រៅ និង​កន្ទុយ​ខ្នាត​ធំ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 23 មករា។

ម៉ាស៊ីន​រ៉ូ​ទ័​រ (rotor) 13 ម៉ែត្រ​របស់​យន្ត​ហោះ​នេះ ​អាច​កែប្រែ​ទិស​របស់រ​ង្វិ​ល។ យន្តហោះ Linx P9 នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង ជួយ​ឱ្យ​រ៉ូ​ទ័​រ​ខាងលើ​វិល​បាន​លឿន​ដើម្បីឱ្យ​យន្តហោះ​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់។ ក្រោយពី​បាន​ហោះ​ឡើង​ទៅលើ ស្លាប​កង្ហារ​រុញច្រាន​នឹង​ដំណើរការ និង​ផ្ដល់​កម្លាំង​លើក​ជាង 90% អនុញ្ញាតឱ្យ​រ៉ូ​ទ័​រ​ដំណើរការ​យឺត​មកវិញ​បាន។ រូបរាង​របស់ Linx P9 រួមចំណែក​កាត់​បន្ថយ​ក​ម្លាំ​ង​កកិត និង​កម្លាំង​លើក​មិនមាន​សមប្បមាណ (កម្លាំង​មិន​ស្មើ​គ្នា)។ ជា​លទ្ធផល យន្តហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ 370 គីឡូម៉ែត្រ/ម៉ោង។

ស្លាប​កង្ហារ​រុញច្រាន​របស់​ Linx P9 ​ដំណើរការ​ដោយ​ម៉ាស៊ីន​ទួ​រ​ប៊ី​ន (turbomachinery) កម្លាំង 496 សេះ។ យោងតាម​ក្រុមហ៊ុន Arc Aero Systems ​ម៉ាស៊ីន​ទាំងនេះ​ដំណើរការ​ដោយ​ឥន្ធនៈ​អាកាសចរណ៍​និរន្តរភាព អាច​ជំនួស​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។ ទំហំ និង​ល្បឿន​របស់ Linx P9 សមស្រប​នឹង​ការហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ។ Arc Aero Systems ឱ្យដឹងថា យន្តហោះ​នេះ​អាច​ហោះ​បាន 950 គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ឥន្ធនៈ 600 គីឡូក្រាម ឬ 1,300 គីឡូម៉ែត្រ​នៅពេល​បំពាក់​ឥន្ធនៈ​មួយ​ធុង​ទៀត។ Linx P9 ស៊ី​ឥន្ធនៈ​ប្រហែល 505 ដុល្លារ/ម៉ោង ទាប​ជាង 40% ធៀប​នឹង​ការចំណាយ​ទៅ​លើ​​ឧទ្ធម្ភាគចក្រ​ធម្មតា​ដែលមាន​ទំហំ​ប៉ុនគ្នា។

យន្តហោះ​ Linx P9 មាន​ពីរ​ចំណុច​ដែលមាន​ប្រៀប​ជាងគេ ធៀប​នឹង​តាក់ស៊ី​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់​នាបច្ចុប្បន្ន។ ទីមួយ​គឺ រ៉ូ​ទ័​រ​ធំ​រប​ស់វា​នឹង​ត្រូវ​បាន​ប្រើ​ជា​​មុខងារ​ដូច​ឆត្រយោង ក្នុង​ករណី​ម៉ាស៊ីន​ដទៃ​ជួប​បញ្ហា។ ទី​ពីរ​គឺ​វា​ងាយស្រួល​ក្នុង​ការសុំ​លិខិតអនុញ្ញាត​ទៅតាម​ច្បាប់​ប​ច្ចុ​ប្បន្ន ដោយសារ​​មិនចាំ​បាច់​​ឱ្យ​ក្រុម​អ្នកតាក់តែង​ច្បាប់​កែប្រែ ឬ​បង្កើត​ច្បាប់​អនុញ្ញាត​ថ្មី៕

Advertisement