ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បាន​ដូចមុន​

​ក្រោយ​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាមេរិក​ ​រហូតដល់​បាន​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​បាន​ ​ឧទាហរណ៍​ ​គឺ​សេវាកម្ម​ ​Google​ ​កាលពីដើម​ខែមុន​នោះ​។​ ​ពេលនេះ​រដ្ឋាភិបាល​អាមេរិក​ ​ហាក់​បាន​បន្ទន់ឥរិយាបថ​វិញ​ ​ដោយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ដូចមុន​។​ ​
​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​លើក​ពី​បញ្ហា​ខាងលើ​នេះ​ឡើង​ ​នៅក្នុង​ជំនួប​កិច្ចប្រជុំ​កំពូល​ ​G20​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី29​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

​លោក​ត្រាំ​ ​បាន​ថ្លែង​ថា​ ​”​ក្រុមហ៊ុន​អាមេរិក​ជា​អ្នកបង្កើត​ផលិតផល​ ​ហើយក៏​ជា​ប្រទេស​តែមួយគត់​ដែល​នាំមុខ​ផ្នែក​បច្ចេកវិទ្យា​។​ ​លោក​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​នៅ​បន្ត​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដដែល​ដូចមុន​ ​ហើយ​យើង​នឹង​បន្ត​លក់​សេវាកម្ម​ ​ឬ​ផលិតផល​នោះ​ឡើងវិញ​”​ ​។​

​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ​លោក​មិនបាន​យល់ស្រប​ទាំងស្រុង​ឱ្យ​បើកចំហ​ដូចមុន​ទេ​ ​ពោល​គឺ​បាន​បន្ថែម​លក្ខខណ្ឌ​ខ្លះ​ត្រង់ថា​ ​សំដៅ​ទៅលើ​ឧបករណ៍​របស់​ ​Huawei​ ​ដែល​កន្លងមក​មានការ​សង្ស័យ​ថា​ ​អាច​ពាក់ព័ន្ធ​ ​ឬ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខជាតិ​អាមេរិក​ ​ឧទាហរណ៍​ដូចជា​ ​ឧបករណ៍​ដែល​អាច​ប្រើ​ ​5G​ ​បាន​ជាដើម​ ​ដូចនេះ​បើសិន​រក​ឃើញថា​ ​មិន​មាន​បញ្ហា​ ​នោះ​អាមេរិក​នឹង​នៅតែ​រីករាយ​បន្ត​ការ​រកស៊ី​ដដែល​ ​លើស​ពីនេះ​ទៀត​ ​លោក​ត្រាំ​ ​បង្គាប់​ឱ្យ​ចិន​បើកទ្វារ​ទទួល​(​ទិញ​)​ផលិតផល​អាមេរិក​វិញ​ផង​ ​ជាជាង​ការ​លក់​ចេញ​តែ​ម្ខាង​៕​ ​

Advertisement