តាមដានស្ថានការណ៍អាសន្នរោគ Corona នៅទូទាំងពិភពលោក ដោយ​ខ្លួន​អ្នក​ តាម​រយៈផែនទីទិន្នន័យនេះ

ក្រុមអ្នកស្រាវជា្រវបានបង្កើតផែនទីមួយដើម្បីបង្ហាញអំពីទិន្នន័យនៃចំនួនករណីឆ្លងមេរោគ Corona និងតំបន់ដែលរងការរាតត្បាតនៃមេរោគនេះ ដោយយោងទៅតាមរបាយការណ៍ពីប្រភពព័ត៌មានគួរជាទីទុកចិត្ត។

ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគ Corona ដែលមានប្រភពពីតំបន់ Wuhan បាន​កើនឡើងដល់ 106នាក់ និងចំនួនអ្នកឆ្លងមេរោគនេះក៏កើនដល់ជាង 4500នាក់។ ដោយមើលឃើញភាពចាំ​បាច់ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Johns Hopkins បាននាំគ្នាបង្កើតផែនទីដើម្បីតាមដានស្ថានការណ៍នៃការវិវដ្ដរបស់មេរោគ និងដើម្បីបង្ហាញអំពីទិន្នន័យនានាទាក់ទិននឹងអាសន្នរោគនេះ ដោយប្រើប្រាស់ទិន្ន​ន័យដែលបានមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៃប្រទេសចិន និងបណ្ដាប្រទេសក្នុងពិភពលោក រួមនិងអង្គការសុខភាពពិភពលោក។ល។

នៅពេលមានរបាយការណ៍ថ្មី ផែនទីនេះនឹងធ្វើបច្ចុប្បន្នភាពអំពីចំនួនករណីឆ្លង និងករណីស្លាប់ រួមនិងអ្នកជម្ងឺដែលបានជាសះស្បើយ ទៅតាមពេលវេលាជាក់ស្ដែង (Real Time)។ ចំនុចក្រហមគឺបង្ហាញពីទីកន្លែងដែលមានអ្នកឆ្លងរោគ។ ទំហំនៃចំនុចក្រហម គឺស្មើនឹងចំនួនអ្នកឆ្លងមេរោគ។ នៅពេលចុចទៅលើចំនុចក្រហម វានឹងបង្ហាញ​ព័ត៌មាននៃតំបន់ ពេលវេលានៃការធ្វើបច្ចុប្បន្នភាព និងប្រភពព័ត៌មាន។ នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង គឺជាមុខងារពង្រីក និងបង្រួមទីតាំង ដើម្បីងាយស្រួលក្នុងការពិនិត្យមើលទិន្នន័យ។

មកដល់បច្ចុប្បន្ន ចំនួនប្រទេសដែលបានប្រកាសថាបានរកឃើញអ្នកជំងឺរលាកសួត Corona គឺ​ចំនួន​16​ប្រទេស បូករួមទាំងកោះតៃវ៉ាន់។

នៅប្រទេសចិន យ៉ាងហោចណាស់មានមនុស្សជាង33លាននាក់ រងផលប៉ះពាល់ពីអាសន្នរោគនេះ បន្ទាប់ពីវាបានឆ្លងរាលដាលខ្លាំងនាំឱ្យអាជ្ញាធរចេញបម្រាមគោចរនៅទីក្រុង Wuhan និងបណ្ដាទីក្រុងជាច្រើនផ្សេងទៀតដែលនៅក្បែរៗតំបន់ Wuhan នេះគឺមិនទាន់និយាយដល់ផលប៉ះពាល់ទៅលើប្រជាជននៃបណ្ដាប្រទេសក្នុងពិភព​លោក​។

សូម​ចុច​ទី​នេះដើម្បី​ចូល​ទៅ​មើល​ទិន្ន​ន័យស្ដី​អំពី​បច្ចុប្បន្ន​ភាព​នៃ​អាសន្ន​រោគ​ Corona នៅ​ទូ​ទាំង​ពិភព​លោក

ប្រភព៖ ព័ត៌មានបរទេស

Advertisement