តើក្រុមហ៊ុនបច្ចេកវិទ្យាណាខ្លះដែលបាន និងមានគម្រោងផ្ដល់ជំនួយសម្រាប់ប្រឆាំង Corona នៅប្រទេសចិន?

ដើម្បីជួយដល់យុទ្ធនាការប្រឆាំងមេរោគ Corona នៅឯទីក្រុង Wuhan ជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន បានចាប់ផ្ដើមបញ្ចេញប្រាក់ជំនួយរបស់ខ្លួនជួយស្ដារស្ថានការណ៍នេះហើយ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅប្រទេសចិន បានចាប់ផ្ដើមនាំគ្នាបញ្ចេញប្រាក់ជំនួយរបស់ខ្លួន ដើម្បីជួយដល់បេសកកម្មប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona។ ក្នុងបញ្ជីឈ្មោះនៃបណ្ដាក្រុមហ៊ុនដែលបានផ្ដល់ជំនួយមនុស្សធម៌ទាំងនេះ គេសង្កេតឃើញមានឈ្មោះ ក្រុមហ៊ុន Huawei, OPPO, Vivo, Nubia, Realme, TCL និង Meizu។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Gizmochina។

Gizmochina បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានផ្ដល់ជំនួយមនុស្សធម៌ចំនួន 30លានយន់ (ប្រហែល 4.32លានដុល្លារអាមេរិក) សម្រាប់សហព័ន្ធសប្បុរសធម៌ Wuhan (Wuhan Charity Federation)។

Huawei ក៏បានដាក់ស្ថានីយប្រព័ន្ធ 5G នៅក្នុងមន្ទីរពេទ្យដែលមាន 1,000បន្ទប់ដែលទើបនឹងសាងសង់បានក្នុងរយៈពេល 6ថ្ងៃ នៅ Wuhan ផងដែរ។

ក្រុមហ៊ុនផលិតស្មាតហ្វូន Oppo និង Vivo ក៏បានផ្ដល់ជំនួយរៀងៗខ្លួនចំនួន 30លានយន់ ខណៈដែល TCL ផ្ដល់ជំនួយ 1.44ដុល្លារ។

ចំណែក Nubia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZTE ក៏បានរួមចំណែកផ្ដល់ជំនួយ 600,000 យន់ (ប្រហែល 86,496ដុល្លារអាមេរិក) ខណៈ Realme ដែលគាំទ្រដោយ OPPO ក៏ផ្ដល់ជំនួយ 500,000យន់ (ប្រហែល 72,080 ដុល្លារ) និង Meizu 300.000 យន់ (ប្រហែល 43,248ដុល្លារអាមេរិក)។

ក្រៅពីក្រុមហ៊ុនមួយចំនួនដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុន Xiaomi និង Lenovo ក៏បានចូលរួមផ្ដល់ជំនួយផងដែរ។ Xiaomi បានផ្ដល់ជំនួយជាម៉ាស់ការពារដែលមានតម្លៃប្រហែល 43,248ដុល្លារអាមេរិក។ Lenovo ក៏បានផ្ដល់ឧបករណ៍បច្ចេកវិទ្យាចាំបាច់ជាច្រើនផងដែរ ដើម្បីជួយដល់ផ្នែកសុខាភិបាលនៃទីក្រុង Wuhan។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សេងៗ ដូចជា Alibaba, Tencent, JD.com, Kuaishou, Douyu, Midea, SF, Suning, Cainiao និង Taobao ក៏បានផ្ដល់ជំនួយមនុស្សធម៌សម្រាប់គម្រោងប្រឆាំងមេរោគ Corona នេះដែរ។

នៅឯខាងក្រៅប្រទេសចិនវិញ ក្រុមហ៊ុន Apple ក៏មានគម្រោងផ្ដល់ជំនួយមនុស្សធម៌ដល់ក្រុមប្រឆាំងមេរោគ Corona នៅប្រទេសចិនដែរ។ នេះបើយោងតាមសាររបស់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement