មហាសេដ្ឋីពិភពលោក Bill Gate ទិញកប៉ាល់ដំណើការ​ដោយ​ថាមពល​អ៊ីដ្រូហ្ស៊ែន

​មហាសេដ្ឋី​ Bill Gates បាន​កុម្ម៉ង់​ទិញ​នាវា 1គ្រឿង​ឈ្មោះ​ Aqua របស់​ក្រុមហ៊ុន Sinot ជា​នាវា​កម្សាន្ត​ខ្នាត​ធំ​បំផុត ​និង​ដំបូង​គេ​ក្នុងពិភព​លោក ដែល​ដំណើការដោយ​ថាមពល​អ៊ីដ្រូហ្ស៊ែន។ នាវានេះ​មាន​តម្លៃ​ប្រមាណ 644លាន​ដុល្លារ​ មាន​ប្រវែង 112 ម៉ែត្រ​ មាន​កម្ពស់​ 5ជាន់ ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ស្នាក់នៅ 14នាក់​ និង​​ផ្ទុក​​អ្នក​បម្រើ​ការ​លើ​នាវា​​បាន​ 31​នាក់ ហើយ​មាន​ទាំង​កន្លែង​ហាត់​ប្រាណ​ទៀត​ផង។

នាវា​កម្សាន្ត​នេះ​ប្រើ​ប្រាស់​​ម៉ូទ័រ​​ម៉ាក​ 1MW ចំនួន​2 ដែល​ដំណើរ​ការ​ដោយ​ឧស្ម័ន​អ៊ីដ្រូហ្ស៊ែន ហើយ​វា​អាច​បើក​បាន​ដល់​ល្បឿន 31.54 គ.ម/ម៉ ជា​មួយ​រយៈ​ចម្ងាយ​បើកបរ ​គឺ 6,035គីឡូម៉ែត្រ។ យ៉ាងណាក្ដី ​នាវា​នេះ​ក៏​មាន​​ម៉ាស៊ីន​ម៉ាស៊ូត​មួយ​ សម្រាប់​​បម្រុង​ទុក​ផង​ដែរ។ នាវា​ Sinot Aqua នេះ ត្រូវបានគេរំពឹង​ថា​ នឹង​អាច​ផលិត​រួច​រាល់​នៅ​​ត្រឹម​ឆ្នាំ2024 ខាង​មុខ​។

គោលបំណង​នៃ​ការ​កុម្ម៉ង់​ទិញនាវា​ខ្នាត​យក្ស​បែប​នេះ ត្រូវ​បាន​គេ​ដឹង​ថា វានឹងកាត់បន្ថយ​ការ​បំពុល​បរិស្ថាន ​និង​ជា​រសជាតិ​ជីវិត​ថ្មី​មួយសម្រាប់​មហាសេដ្ឋី​រូប​នេះ​ផង​ដែរ​៕


Advertisement