ក្រុមហ៊ុនចិន ZTE ចេញស្មាតហ្វូនប្រើឈីបខ្លាំងផុតលេខ Snapdragon 865 មុនគេឯកាមេរ៉ាវិញ 48MP

ស្មាតហ្វូនAxon 10s Pro គឺជាស្មាតហ្វូនរបស់ ZTE ​ដែល​សម្រេច​​បញ្ចេញ​ស្មាតហ្វូន​មក​លើ​ទីផ្សារ​បាន​ដំបូង​គេ​ ចំពោះ​ម៉ូដែល​ប្រើបន្ទះ​​ឈីបខ្លាំង​ផុត​លេខ​​ Snapdragon 865 ​។ 

ZTE បាន​ប្រកាស​ចេញ​ស្មាតហ្វូន ZTE Axon 10s Pro នេះ​ដែល​ការ​ឌីហ្សាញ និង​លក្ខណសម្បត្តិ​ភាគ​ច្រើន​មិន​ខុស​គ្នា​ពី Axon 10 Pro ដែលចេញ​កាល​ឆ្នាំ​មុន​​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​វា​នៅ​តែ​មាន​អេក្រង់​កោង AMOLED ទំហំ 6.4 អ៊ីញ អាច​​ស្គែន​ម្រាម​ដៃ​ ដែល​បង្កប់​លើ​អេក្រង់ និង​មានរចនាប័ទ្មរាង​ឆក​បន្តិច​សម្រាប់​ដាក់​កាមេរ៉ា​មុខ Selfie។

កាមេរ៉ា​ក៏​មិន​ផ្លាស់​ប្ដូរច្រើន​ដែរ តែវា​នៅ​តែ​មាន​កាមេរ៉ា​មេ​កម្រិត 48MP, កាមេរ៉ា Wide-Angle ទំហំ 20MP (125ដឺក្រេ Wide) និង​កាមេរ៉ា Telephoto ទំហំ 8MP។ ចំណែក​កាមេរ៉ា​មុខវិញ ​មាន​កម្រិត 20MP។

អ្វី​ដែល​ផ្លាស់​ប្ដូរ​ខ្លាំង ​គឺ​ការ​ប្ដូរ​មកប្រើ​បន្ទះ​ឈីប Snapdragon 865 ដែល​​ធ្វើ​ឱ្យ​ស្មាតហ្វូនមួយនេះ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ជាង​មុន មាន​ក្រាហ្វិក​ខ្លាំង និង​បន្ថែម​នូវ​ការ​គាំទ្រ​សេវា 5G។ វា​​ក៏​មាន​ប្រើ​បច្ចេកវិទ្យា Wi-Fi 6 និង​មាន​មុខងារ Link-Booster ដែល​អាច​ប្ដូរ​​សេវា​រវាង​ Wi-Fi, LTE ឬ 5G បាន​យ៉ាង​រហ័ស។

ស្មាតហ្វូនAxon 10s Pro មាន​ជម្រើស​មេម៉ូរី 128GB គួប​ផ្សំ RAM 6GB ដែល​ស៊េរី​ខ្លាំងបំផុត ​គឺ​មាន RAM ទំហំ 12GB ជា​ប្រភេទ LPDDR5 គួប​ផ្សំ​មេម៉ូរី 256GB ជា​ UFS 3.0។ ថាមពល​ថ្ម​គឺ 4000 mAh ដែល​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន​លឿន Qualcom Quick Charge 4.0។ 

ចំណែកតម្លៃ ​និង​កាល​បរិច្ឆេទ​ចេញ​លក់​វិញ មិន​ទាន់​បាន​បង្ហាញឱ្យដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ Axon 10 Pro ពេល​ចេញ​លក់ ​គឺនឹង​មាន​តម្លៃ​​ចាប់​ពី​ប្រមាណតែ 469 ដុល្លារប៉ុណ្ណោះ៕


Advertisement